រាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីគ្រប់ក្រសួង ស្ថាប័នទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ស្របពេលស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាបានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងព្រះរាជាណាចក្រកម្ពុជា មានការកើនយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមនៃការផលិតអគ្គិសនី ក៏អាចនឹងមានការកើននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈ គឺជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។

ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះ ត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។

ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនតម្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដូចតទៅ៖

១. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ

  • ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា ជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែល មានលក្ខណៈយុទ្ធសាស្ត្រតែប៉ុណ្ណោះ។

-ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការសម្រួលចរាចរណ៍ឱ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឱ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។

  • ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពល គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈ រូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

២. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី
-ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែកមួយ ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ, ក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយនឹងក្រសួងព័ត៌មានដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនី នូវវិធីសន្សំសំចៃ ការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានាឱ្យបានទូលំទូលាយ។

-ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

-រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្តិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។

-ក្រសួង ស្ថាប័នទាំងអស់ត្រូវបំផុសចលនានិងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទទួលបានសារាចរនេះ ក្រសួង ស្ថាប័នទាំងអស់នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការចាត់ចែងអនុវត្តតាមស្មារតី និងខ្លឹមសារដូចមានខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

5
Promotion