ប្រធានវេទិកាអនាគត លើកហេតុផលដែលរដ្ឋាភិបាលត្រូវរក្សាតម្លៃប្រេងឥន្ធនៈឱ្យខ្ពស់

ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគអ្នកវិភាគសង្គម នយោបាយ លោក អ៊ូ វីរៈ បានបញ្ចេញទស្សនៈក្នុងអំឡុងពេលស្ថានភាពប្រេងឥន្ធនៈមិនមានសន្តិសុខ។ ក្នុងនោះ លោកបានលើកហេតុផលថា រដ្ឋាភិបាលត្រូវរក្សាតម្លៃប្រេងឥន្ធនៈឱ្យខ្ពស់។

តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមីនានេះ លោក អ៊ូ វីរៈ បានលើកឡើងថា ក្នុងអំឡុងពេលស្ថានភាពប្រេងឥន្ធនៈមិនមានសុវត្ថិភាព យើងត្រូវប្រុងប្រយ័ត្នបំផុតជាមួយនឹងការឆ្លើយតបរបស់យើង។ លោកបានគូសបញ្ជាក់ថា ប្រសិនបើយើងជ្រើសរើសឧបត្ថម្ភតម្លៃប្រេងឥន្ធនៈ ហើយរក្សាវាឱ្យទាប ការប្រើប្រាស់នឹងបន្តខ្ពស់។ ហានិភ័យគឺប្រេងឥន្ធនៈនឹងខ្វះ ហើយស្ថានីយប្រេងឥន្ធនៈខ្លះនឹងចាប់ផ្តើមបិទ។ នេះនឹងបង្កឱ្យមានការភ័យស្លន់ស្លោ ហើយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។

លោកបន្តថា៖ «ប្រជាជននឹងចាប់ផ្តើមរក្សាទុកអ្វីដែលយើងមាន។ ការចំណាយនឹងត្រូវកាតបន្ថយចំពោះរបស់តែចាំបាច់បំផុត។ បើគ្មានការចំណាយទេ អាជីវកម្មមិនអាចមានប្រាក់ចំណូលបានទេ ហើយការងារនឹងបាត់បង់។
នេះនឹងនាំឱ្យមានការភ័យស្លន់ស្លោកាន់តែច្រើន ហើយនឹងអាចនាំទៅភាពគាំងសេដ្ឋកិច្ច»។

បើតាមលោក អ៊ូ វីរៈ ក្រៅពីការព្យាយាមទិញប្រេងឥន្ធនៈបន្ថែមទៀត (ផ្នែកផ្គត់ផ្គង់) យើងត្រូវទុកឱ្យតម្លៃកើនឡើង។ ប្រជាជននឹងប្រើប្រាស់ប្រេងឥន្ធនៈតិចជាងមុនដោយធម្មជាតិ។ ទាំងអ្នកក្រ និងអ្នកមាននឹងរងទុក្ខដូចគ្នា។ ប៉ុន្តែអ្នកក្រនឹងរងទុក្ខច្រើនជាង ព្រោះនេះនឹងជាចំណែកធំនៃប្រាក់ចំណូលរបស់ពួកគេ។ កសិករនឹងរងទុក្ខលំបាកជាងគេ។ រដ្ឋាភិបាលត្រូវរក្សាតម្លៃឱ្យខ្ពស់ ក៏ដូចជារក្សាពន្ធផងដែរ។ ប៉ុន្តែគួរតែបញ្ចេញថវិការដ្ឋាភិបាលដើម្បីផ្ញើប្រាក់ដោយផ្ទាល់ទៅកសិករ និងអ្នកក្រ៕

5
Promotion