អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាបានធ្វើការយ៉ាងសកម្មដោយប្រើគ្រប់យន្តការដើម្បីតវ៉ាទៅកាន់ថៃ ចំពោះសកម្មភាពជាឯកតោភាគីប៉ះពាល់ដល់ពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយ​មានជ័យ

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យ​ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា យន្តការ ដែលកម្ពុជាបានធ្វើការយ៉ាងសកម្មនោះរួមមាន៖

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន ៣លើក ទៅកាន់ក្រសួង ការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជាមួយអង្គការអន្តរជាតិជាច្រើនលើក រួមទាំង អង្គការសហប្រជាជាតិ ជាដើម។ ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន រៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃចាន់ និងកន្លែង ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែកក្កដាកន្លងទៅ។

កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចំនួន ១លើក និងគណៈកម្មាធិការ ព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ចំនួន ៤លើក កាលពីពេលកន្លងទៅដោយភាគីកម្ពុជាបានលើកឡើង ជាចម្បង អំពីកិច្ចការពារបូរណភាពទឹកដីនេះដែរ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើលិខិតកំណត់ទូតតវ៉ា ចំនួន ៣លើក ក្នុងនាមគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ទៅកាន់សមភាគីថៃ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ចំនួន ២លើក ទៅកាន់អាជ្ញាធរខេត្តស្រះកែវរបស់ ប្រទេសថៃ។

ជាមួយគ្នានេះ ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បាន ធ្វើកិច្ចការងារជាមួយដៃគូរបស់ខ្លួន ដោយបានដាក់ញ្ញត្តិសុំអន្តរាគមន៍ជាបន្ទាន់លើសកម្មភាពឯកតោរបស់ភាគីថៃ ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិទទួលបានទីជម្រកសមរម្យ ការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទ្ធិមនុស្ស (អាយឆា) ទាំង១០ប្រទេស និងស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យផ្សេងៗទៀត។

ក្រៅពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើងពីបញ្ហានេះ នៅរាល់ជំនួប ជាមួយថ្នាក់ដឹកនាំបរទេសសំខាន់ៗ ដោយជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

សម្តេចធិបតី បានស្នើសុំ ឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញនូវបទឈប់បាញ់ តាមរយៈវត្តមានចាំបាច់នៃយន្តការតាមដានដោយភាគីទីបី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើ ច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើប្រាស់យោធាចូលកាន់កាប់ដោយខុសច្បាប់ និងបណ្តេញ ប្រជាពលរដ្ឋស៊ីវិលដោយបង្ខំចេញពីតំបន់ដែលបាននិងកំពុងរស់នៅជាយូរលង់មកហើយ ដើម្បីទប់ស្កាត់សកម្មភាព បង្កហេតុ និងបញ្ចៀសហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការផ្ទុះអាវុធសារជាថ្មី និងការប្រឈមមុខដាក់គ្នា ប្រកបដោយគ្រោះថ្នាក់។

ចំណែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រើប្រាស់យន្តការការទូតយ៉ាងសកម្មនៅគ្រប់ជំនួប ជាមួយមេដឹកនាំបរទេស ដើម្បីរកដំណោះស្រាយដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ ក្នុងការការពារ អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា ការការពារអធិបតេយ្យជាតិ និងបូរណភាព ទឹកដី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាល នៅពេលបច្ចុប្បន្ន និងតទៅអនាគត។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តខិតខំធ្វើយ៉ាងណាឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិប​តេយ្យជាតិ បូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាពដែលជា សេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។