សំងំសាងប្រជាប្រិយភាព សាងកេរ្តិ៍ឈ្មោះ និងហ្វឹកហាត់ពង្រឹងចំណេះដឹងយូរឆ្នាំមកហើយទីបំផុតនាដការីបុរាណខ្មែរ សុគា គីមលាង ត្រូវបានជ្រើសរើសតំណាង កម្ពុជា ទៅចូលរួមការប្រកួត Universal Woman 2025 នៅប្រទេស ឥណ្ឌា នៅក្នុងខែ មិថុនា ឆ្នាំ២០២៥ ខាងមុខ តាមបំណងប្រាថ្នារបស់ខ្លួនហើយ ។

កញ្ញា សុគា គីមលាង ហៅ កូនអាន ធ្លាប់បានប្រាប់ថា មុននឹងនាងសម្រេចដាក់ពាក្យចូលរួមប្រកួតកម្មវិធីណាមួយ នាងត្រូវពង្រឹងសមត្ថភាព និងចំណេះដឹងខ្លួនឱ្យបានខ្លាំងក្លាសិន មិននឹងនាងឈានជើងឡើងឆាកប្រកួត ។
ក្រោយសំងំហ្វឹតហាត់ចំណេះដឹងអស់ពេលរាប់ឆ្នាំ នាដការីរបាំខ្មែរ សុគា គីមលាង បានសម្រេចបំណងប្រាថ្នាធំរបស់ខ្លួន ដើម្បីឈរនៅលើឆាកអន្តរជាតិហើយ ជាក់ស្តែកកាលពីប៉ុន្មានថ្ងៃមុនខាងស្ថាប័ន Universal Woman Cambodia បានចេញសេចក្តីប្រកាសថា កញ្ញា សុគា គីមលាង ត្រូវបានគ្រងតំណែងជា Universal Woman Cambodia 2025 តំណាងឱ្យ កម្ពុជា ចូលរួមប្រកួត Universal Woman ២០២៥ នៅប្រទេស ឥណ្ឌា ។
បើតាមគម្រោងនាថការីរបាំបុរាណខ្មែរ សុគា គីមលាង នឹងឡើងយន្តហោះចេញទៅប្រកួតនៅប្រទេស ឥណ្ឌា នៅដើមខែ មិថុនា វគ្គប្រកួតបឋមនឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៥ និង វគ្គប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៥ ។
ជាមួយនិងការជ្រើសរើសនេះ សុគា គីមលាង បានប្តេជ្ញាចិត្តថា នឹងធ្វើឱ្យបានល្អនៅក្នុងការប្រកួត ដើម្បីនាំ កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ។ អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាថការីរបាំបុរាណខ្មែរ សុគា គីមលាង ជោគជ័យក្នុងការប្រកួតនេះ ៕



