កញ្ញា ផន ស្រីពី ក្មេងស្រីលក់ខោអាវជជុះតាមផ្សារក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ! 

Miss Cosmo Cambodia 2025 បានបញ្ចប់ទៅដោយរលូនកាលពីរាត្រីថ្ងៃទី ៣០​ខែ ឧសភា ឆ្នាំ២០២៥ កន្លងមកនេះ ដោយកញ្ញា ផន ស្រីពី ពីក្មេងស្រីមើលកូនឱ្យគេ និងលក់ខោអាវជជុះតាមផ្សារ បានក្លាយទៅជាម្ចាស់មកុដ Miss Cosmo Cambodia 2025 តំណាង កម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ ។ 

ការប្រកួតវគ្គផ្តាច់ព័ត្រ Miss Cosmo Cambodia 2025 មានការចូលរួមពីព្រះនាង នរោត្តម ជេនណា , លោក ជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ព្រមទាំងបណ្តាម្ចាស់ក្រុមហ៊ុនធំៗ និងសិល្បករសិល្បការិនីជាច្រើនរូប ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ។ លទ្ធផលនៃការប្រកួតយ៉ាងស្វិតស្វាញអស់ពេលជាច្រើនខែ ទីបំផុតកញ្ញា ផន ស្រីពី បានក្លាយទៅជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ចំណែកកញ្ញា ប៊ី សុធារី គឺជាប់លំដាប់រងទី១ ។  មហាជនស្ទើរតែមិនជឿថា កញ្ញា ផន ស្រីពី អាចក្លាយទៅជាម្ចាស់មកុដក្នុងឆ្នាំនេះឡើយ ពីព្រោះកេរ្តិ៍ឈ្មោះរបស់នាងមិនសូវល្បីល្បាញដូចកញ្ញា ប៊ី សុធារី ។ 

អ្វីដែលកាន់តែអស្ចារ្យនោះគឺកញ្ញា ផន ស្រីពី ទទួលបានពានរង្វាន់ធំៗថែមពីលើដល់ទៅ៣ គឺពាន Best Swimsuit , Best In Evening Gown និង​  Best National Costume ដោយនាងបានគ្រងឈុតនាដការីរបាំព្រះរាជទ្រព្យ ដែលមានអាយុកាល ១០០ឆ្នាំ ដែលធ្វើឲ្យនាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ។ 

គួររំលឹកផងដែរថា កញ្ញា ផន ស្រីពី បានប្រឹងប្រែងតស៊ូក្នុងជីវិតយ៉ាងលំបាក និងបានឆ្លងកាត់នូវព្យុះភ្លៀងរាប់មិនអស់ រហូតបានដាក់ពាក្យចូលរួមប្រកួតសម្រស់នៅក្នុងកម្មវិធីជាច្រើន ប៉ុន្តែនាងមិនទទួលបានជោគជ័យឡើយ ដោយឡែកសម្រាប់ការប្រកួត Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានធ្វើឱ្យមហាជនភ្លឺភ្នែក បន្ទាប់ពីដណ្តើមបានមកុដដ៏ធំនេះ ខណៈពេលដែលកញ្ញា ប៊ី សុធារី បានត្រឹមតែលំដាប់រងទី១ ។ 

កញ្ញា ផន ស្រីពី ជាក្មេងស្រីមួយរូបដែលកើតនៅក្នុងគ្រួសារមានជីវភាពខ្វះខាត ត្រូវគេមើលងាយគ្រប់បែបយ៉ាង ទាំងរូបសម្រស់ ពណ៌សប្បុរ និងមិនឱ្យតម្លៃ ហើយនាងធ្លាប់ជាក្មេងស្រីដែលដើរមើលកូនឱ្យគេ លក់ខោអាវជជុះតាមផ្សារ ដើម្បីយកលុយទុកជូនម្តាយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ដើម្បីស្វែងរកក្តីស្រមៃក្នុងជីវិត ផន ស្រីពី ក៏បានប្រលូកក្នុងសិល្បៈ និងបានចូលរួមប្រកួតក្នុងកម្មវិធីនានា រហូតបានក្លាយទៅជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ។ 

ការបង្ហាញខ្លួនរបស់កញ្ញា ផន ស្រីពី ក្នុងវគ្គផ្ដាច់ព្រ័តរបស់ Miss Cosmo Cambodia  កញ្ញា ផន ស្រីពី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលឃើញនាងបញ្ចេញសមត្ថភាព និងការតស៊ូមតិ ការឆ្លងឆ្លើយសំនួរចម្លើយ ដែលកញ្ញាពោរពេញទៅដោយ សមត្ថភាពខ្ពស់ មិនថាភាសា ឬភាពឆ្លាតវៃ ក៏ស្រីពី អាចគ្រប់គ្រងស្ថានការបានយ៉ាងល្អ ។ កញ្ញា ផន ស្រីពី បានត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាង កម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា អ៊ិន លក្ខិណា ៕