ចំជាកូនល្អមែន ! ហ្វាហ្វា ត្រៀមលុយទិញរថយន្តថ្មីជូនអ្នកមានគុណក្រោយសាងសង់ផ្ទះតម្លៃខ្ទង់សែនដុល្លារ ! 

នេះបានហៅថាកូនល្អមែន ! ខណៈពេលដែលចាយលុយប្រមាណខ្ទង់សែនដុល្លារដើម្បីសាងសងផ្ទះជូនអ្នកមានគុណ ស្រាប់តែកញ្ញា ហ្វាហ្វា ដែលជាតារាសិចស៊ីល្បីឈ្មោះ បានប្រកាសត្រៀងលុយទិញរថយន្តថ្មីដល់អ្នកមានគុណទុកជាកាដូផងដែរ ។ 

ចាប់តាំងពីតារាសិចស៊ី ហ្វាហ្វា ក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធី Rapper Fighter  មកកាន់តែធ្វើឱ្យនាងមានយីអ៊ុនខ្ពស់នៅក្នុងការងារ ដែលអាចរកប្រាក់ចំណូលបានខ្ពស់ជាងរាល់ដង ជាក់ស្តែងសម្រាប់រដូវកាលថ្មីនេះ ហ្វាហ្វា នៅតែត្រូវបានថៅកែទុកចិត្ត និងបានជ្រើសរើសនាងធ្វើជាពិធីការិនីនៅក្នុងកម្មវិធី Rapper Fighter  រដូវកាលទី២ ដដែល ។

កញ្ញា ហ្វាហ្វា បានបង្ហាញនូវអារម្មណ៍រំភើបថា នាងពិតជារីករាយណាស់ដែលអាចធ្វើជាពិធីការិនីនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី២នេះ ។ ការងារនេះគឺជាការងារមួយដែលនាងស្រឡាញ់បំផុត នាងនឹងប្រឹងប្រែបំពេញការងារនេះឱ្យបានល្អបំផុត ។ 

នៅក្នុងឆ្នាំនេះ ហ្វាហ្វា ក៏បានសន្សំបានប្រាក់ច្រើនគួរសម ដើម្បីសាងសង់ផ្ទះជូនអ្នកមានគុណ បើតាមគម្រោងនាងត្រៀមប្រាក់ប្រមាណជាង៧ម៉ឺនដុល្លារដើម្បីសាងសង់ផ្ទះនោះ ប៉ុន្តែមកទល់ពេលនេះចំណាយត្រូវបានកើនឡើង រហូតនាងនិយាយថា គម្រោងសាងសង់ផ្ទះគឺអាចនឹងអស់ខ្ទង់សែនដុល្លារឯណោះ ដូច្នេះនាងត្រូវប្រឹងធ្វើការងារបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូល ។

ហ្វាហ្វា មិនត្រឹមតែត្រៀមលុយយ៉ាងច្រើនដើម្បីសាងសងផ្ទះនោះទេ ពេលនេះនាងថែមទាំងបង្ហើបប្រាប់ថា នាងមានគម្រោងនឹងទិញរថយន្តថ្មីមួយដើម្បីទុកជាកាដូដល់អ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនផងដែរ ។ ចំពោះតម្លៃគឺខ្ទង់៣ទៅ៤ម៉ឺនដុល្លារ ៕