ជោគជ័យរកស៊ីតាមអនឡាញ អ៊ីវ៉ា ត្រៀមចូលរោងការបំពេញបំណងឪពុក 

ច្រើនឆ្នាំមកហើយដែលឪពុករបស់តារាចម្រៀង អ៊ីវ៉ា ចង់ឃើញកូនស្រីចូលរោងការ ប៉ុន្តែម្តងជាពីរដង អ៊ីវ៉ា តែងតែពន្យាពេលឆ្នាំនេះឆ្នាំនោះ រហូតមកដល់សព្វថ្ងៃនេះ ដោយឡែកថ្មីៗនេះ អ៊ីវ៉ា សុខចិត្តបំពេញបំណងឪពុករបស់ខ្លួនហើយ ។ 

គ្រាន់តែធ្លាយដំណឹងថា អ៊ីវ៉ា ត្រៀមចូលរោងការភ្លាម បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តភក្តិជាច្រើនសម្តែងការត្រេអរនិងបានផ្ញើសារជូនពរនាងមានសុភមង្គល ។ អ៊ីវ៉ា នៅពុំទាន់បង្ហាញពីពេលវេលាចូលរោងជ័យរបស់ខ្លួននៅឡើយទេ នាងបានត្រឹមតែបង្ហាញរូបភាពដែលខ្លួនទៅលសម្លៀកបំពាក់នៅសំអាងការមួយកន្លែង ។ 

មូលហេតុដែល អ៊ីវ៉ា សម្រេចចិត្តរៀបការជាមួយលោក លី សេងហួរ ដែលជាគូស្នេហ៍របស់ខ្លួនគឺដោយសារនាងចង់បំពេញបំណងឪពុករបស់ខ្លួនដែលចង់ឃើញខ្លួនចូលរោងការជាយូរឆ្នាំមកហើយ ។ ម្យ៉ាងវិញទៀត ពេលនេះនាងអាចរកប្រាក់ចំណូលបានច្រើន បន្ទាប់ពីជោគជ័យក្នុងការងាររកស៊ីលក់សម្លៀកបំពាក់តាមអនឡាញ ។ មិនថាទ្រព្យសម្បត្តិ ឬផ្ទះសំបែបនាងមានគ្រប់គ្រាន់ហើយ ។ 

ទោះបីជាជោគជ័យក្នុងអាជីពលក់អនឡាញ តែ អ៊ីវ៉ា មិនបោះបង់អាជីពចម្រៀងចោលឡើយ យូរៗម្តងនាងបានបញ្ចេញបទចម្រៀងថ្មី ដើម្បីបំពេញបំណងអ្នកគាំទ្រ ជាក់ស្តែងកន្លងមកនាងធ្លាប់បាននិយាយថា អនឡាញក៏លក់ ការងារចម្រៀងក៏ធ្វើឱ្យតែគេនៅត្រូវការនាង ៕