មុនទៅទីក្រុងប៉េកាំង មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី និងដំណើរការស្វ័យប្រវត្តិកម្មផលិតមីស៊ីល។

ដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃអាទិត្យទៅកាន់ខ្សែសង្វាក់ផលិតកម្មមីស៊ីលបានធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមពិធីព្យុហយាត្រា​យោធាជាមួយប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

ប្រទេសកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនដែលត្រូវបានបង្កើតឡើងដោយបំពានលើដំណោះ​ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Kim បាននិយាយថា ដំណើរការផលិតទំនើបកម្ម នឹងជួយបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីលសំខាន់ៗ។ នេះបើយោងតាម ​​KCNA ។ 

គួរឲ្យដឹងដែរថា កូរ៉េខាងជើង​បាន​បញ្ជូន​ទាហាន កាំភ្លើងធំ និង​កាំជ្រួច​ទៅកាន់​រុស្ស៊ី ដើម្បី​គាំទ្រ​ក្រុង​ម៉ូស្គូ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន៕