ក្រោយលាក់មុខអស់ពេលយ៉ាងយូរ ដល់ពេលដែលបង្ហាញមុខ Secret Coach ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ហើយ លោកគឺជាបុគ្គលមួយរូបដែលល្បីឈ្មោះក្នុងពិភពចម្រៀង Hip-Hop អស់ពេលជាង៤០ឆ្នាំមកហើយ ។

ចាប់តាំងពីបើកឆាកប្រឡងចម្រៀងរ៉េប CAMBO RAPPER មកទស្សនិកជនជាច្រើនឆ្ងល់យ៉ាងខ្លាំងថា Secret Coach ដែលតែងតែពាក់របាំងមុខជានរណា ? ហេតុអ្វីក៏មានជំនាញខ្លាំងនៅក្នុងការផ្តល់យោបល់និងគំនិតល្អៗដល់បេក្ខជនចូលរួមប្រកួតប្រជែងម្ល៉េះ ? ពេលនេះរបាំងមុខដែលបានលាក់អស់ពេលយ៉ាងយូរនោះ ដល់ពេលដែលត្រូវបង្ហាញហើយ គឺបង្ហាញនៅក្នុងថ្ងៃប្រឡងចម្រៀងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រឡងចម្រៀង CAMBO RAPPER កាលពីរាត្រីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២៦ កន្លងមកនេះ ។
Secret Coach រូបនោះគឺលោក សុខ វិសាល ដែលជាបុគ្គលមានស្នាដៃនៅក្នុងវិស័យចម្រៀង Hip-Hop និងមានស្នាដៃធំៗជាច្រើននៅក្នុងវិស័យចម្រៀង លោកបានចំណាយពេលវេលាក្នុងវិស័យនេះជាង៤០ឆ្នាំមកហើយ រួមទាំងបានចំណាយពេលវេលា២៥ឆ្នាំប្រឡូកនៅក្នុងវិស័យនេះនៅក្នុងស្រុក ខ្មែរ ។ លោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៤នាក់ល្បីៗដែលបាននាំវិស័យចម្រៀង Hip-Hop មកស្រុកខ្មែរដំបូង ។
ក្នុងនាមជា Secret Coach លោក សុខ វិសាល បានប្រើប្រាស់សមត្ថភាព និងបច្ចេកទេសរបស់ខ្លួនក្នុងការវិភាគ និងផ្តល់ដំបូងគ្មានល្អៗជាច្រើនដល់បេក្ខជនដែលចូលរួមប្រកួតប្រជែង ជាពិសេសនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ លោកបាននិយាយថា អ្នកដែលអាចទទួលបានពាន គឺជាអ្នកដែលមើលឃើញច្បាស់ពីការធ្វើបទចម្រៀងឱ្យពិរោះ ទាំងអត្ថន័យនៃបទចម្រៀង និងការរើសភ្លេងថាប្លែកកម្រិតណា ។ សូម្បីតែការរៀបចំខ្លួននិងការសម្តែងរបស់គាត់នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រ ទាល់តែមានអ្វីដែលពិសេសលើសបេក្ខជនផ្សេងទៀត ទើបគាត់អាចលើកពាននោះបាន ។
គួរបញ្ជាក់ផងដែរថា ការប្រឡងចម្រៀង CAMBO RAPPER មិនមែន Secret Coach ជាអ្នកផ្តល់ពិន្ទុនិងកំណត់ជោគវាសនារបស់បេក្ខជននោះទេ វាសនារបស់បេក្ខជនទាំង៤រូបនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រ គឺបងប្អូនទស្សនិកជនជាអ្នកបោះឆ្នោត ៕






