អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០ នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ខណៈកំពុងរៀបចំកិច្ចចរចាបទឈប់បាញ់ថ្មីរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបញ្ជាក់នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភានេះ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែល ដែលបានពង្រីកការវាយប្រហាររបស់ខ្លួនលើតំបន់ព័ទ្ធជុំវិញដោយបានសម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេចគោលដៅ «ការគ្រប់គ្រងប្រតិបត្តិការ» នៅក្នុងផ្នែកខ្លះនៃតំបន់ហ្គាហ្សា។
លោក ខាលីល អាល់ឌិខ្វាន (Khalil Al-Deqran) អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា បានឱ្យដឹងថា «ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០ នាក់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល»។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អាហារ និងប្រេងឥន្ធនៈចូលទៅក្នុងហ្គាហ្សាចាប់តាំងពីដើមខែមីនា ដើម្បីព្យាយាមដាក់សម្ពាធក្រុមហាម៉ាស់ឱ្យដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ហើយបានអនុម័តផែនការដែលអាចពាក់ព័ន្ធនឹងការដណ្តើមយកតំបន់ហ្គាហ្សាទាំងមូល និងការគ្រប់គ្រងជំនួយ។
ពេលថ្មីៗនេះ អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ដោយប្រយោលថ្មីមួយរវាងភាគីទាំងពីរកាលពីថ្ងៃសៅរ៍។
ជម្រាបដែរថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់ជុំវិញ ដោយបណ្តេញអ្នកស្រុកស្ទើរតែទាំងអស់ចេញពីផ្ទះរបស់ពួកគេ និងបានសម្លាប់មនុស្សជាង ៥៣,០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕
ដោយ៖ ចិន្តា ទីទិ


