នៅពេលដែលអ៊ីស្រាអែលបង្កើនយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប បណ្តាប្រទេសអ៊ឺរ៉ុបកាន់តែច្រើនឡើងកំពុងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង និងអំពាវនាវឱ្យមានផលវិបាកជាក់ស្តែង។ វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងបានជំរុញឱ្យអឺរ៉ុបពិចារណាឡើងវិញអំពីទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអ៊ីស្រាអែល។

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឱ្យដឹងកាលពីថ្ងៃពុធថា ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំថ្ងៃដំបូងនៃប្រតិបត្តិការចុងក្រោយនេះ ដោយបន្ថែមថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីខែតុលាឆ្នាំ ២០២៣ បានកើនឡើងដល់ ៥៣,៦៥៥ នាក់។
ថ្មីៗនេះ អ៊ីស្រាអែលបានយល់ព្រមដកការបិទផ្លូវរយៈពេលពីរខែ និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយសង្គ្រោះមានកម្រិតចូលទៅក្នុងតំបន់។ អ្នកនាំពាក្យអង្គការសហប្រជាជាតិថា រថយន្តជំនួយបន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា ខណៈដែលនីតិវិធី ការព្រួយបារម្ភអំពីសុវត្ថិភាព និងម៉ោងពន្លឺថ្ងៃដែលមានកំណត់សម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានរារាំងការដឹកជញ្ជូនទំនិញ។
ទន្ទឹងគ្នានេះ រដ្ឋមន្ត្រីការបរទេសចំនួន ១៧ នាក់នៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃអង្គារបានគាំទ្រសំណើរបស់ហូឡង់ដើម្បីពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងសមាគម EU-Israel។ បន្ថែមពីនោះ នឹងពិចារណាក្នុងការផ្តាច់ទំនាក់ទំនងការទូត រឺថ្កោលទោសតាមការសកម្មភាពជាក់ស្តែង៕
ដោយ៖ ចិន្តា ទីទិ


