ការហាមឃាត់ជនជាតិដើមភាគតិច Biafra ឱ្យស្នាក់នៅក្នុងផ្ទះដោយក្រុមបំបែកខ្លួននៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ាបាននាំឱ្យមានការស្លាប់របស់មនុស្សជាង ៧០០នាក់នៅក្នុងតំបន់ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។ នេះបើយោងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយបានបញ្ជាក់នៅថ្ងៃទី២៦ ខែឧសភានេះ។
ក្រុម IPOB ដែលធ្វើយុទ្ធនាការដើម្បីផ្តាច់ខ្លួននៅភាគអាគ្នេយ៍ ដែលភាគច្រើនរស់នៅដោយក្រុមជនជាតិភាគតិច Igbo ត្រូវបានអាជ្ញាធរនីហ្សេរីយ៉ាដាក់ស្លាកថាជាអង្គការភេរវករ។
យោងតាមស្ថាប័ន SBM Intelligence បានរាយការណ៍ថាអ្នកស្លាប់គឺបណ្តាលមកពីជនស៊ីវិលដែលប្រឆាំងនឹងបទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះប្រចាំសប្តាហ៍រៀងរាល់ថ្ងៃចន្ទ និងនៅថ្ងៃជាក់លាក់ផ្សេងទៀត ក៏ដូចជាពីការប៉ះទង្គិចគ្នារវាងក្រុម IPOB និងកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា។
របាយការណ៍របស់ SBM បានឱ្យដឹងថា «យុទ្ធសាស្ត្រអនុវត្តច្បាប់របស់ IPOB រួមទាំងការដុតបំផ្លាញ ការលួចប្លន់ និងការធ្វើឃាតគោលដៅ បានបង្កើតបរិយាកាសនៃការភ័យខ្លាច»។
ក្រុម IPOB បានចាប់ផ្តើមការតវ៉ាកាលពីខែសីហា ឆ្នាំ២០២១ នៅទូទាំងរដ្ឋចំនួនប្រាំនៃភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ា ដោយប្រើប្រាស់វាជាអានុភាពដើម្បីទាមទារឱ្យមានការដោះលែងមេដឹកនាំរបស់ខ្លួនគឺ លោក ណាមឌី កានូ (Nnamdi Kanu) ដែលកំពុងប្រឈមមុខនឹងការកាត់ទោសនៅរដ្ឋធានី Abuja លើការចោទប្រកាន់ពីអំពើភេរវកម្ម។
គូសបញ្ជាក់ថា សង្រ្គាមស៊ីវិលបានលេបត្របាក់តំបន់ Biafra នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ ដោយបានសម្លាប់មនុស្សជាង ១ លាននាក់៕
ដោយ៖ ចិន្តា ទីទិ




