យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានវាយប្រហារអគារផ្ទះល្វែងក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន គឺទីក្រុង Kharkov ដោយបង្កឲ្យមានអគ្គិភ័យ និងរបួសមនុស្ស ១៧នាក់ ក្នុងនោះមានកុមារពីរនាក់។ នេះបើយោងតាមអភិបាលតំបន់ លោក អូឡេស ស៊ីនៃហ៊ូបូវ (Oleh Syniehubov) បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនានេះ។
អគារផ្ទះល្វែងចំនួនប្រាំពីរត្រូវបានខូចខាតនៅក្នុងការវាយប្រហារនៅម៉ោង១ព្រឹក។ ដោយយន្តហោះគ្មានមនុស្សបើកមួយបានបុកអគារផ្ទះល្វែងមួយនៅជាន់ទី១៧ និងមួយទៀតនៅជាន់ទីពីរ។
រូបថតមួយសន្លឹកដែលបានបង្ហោះលើបណ្តាញបង្ហាញថាអភិបាលក្រុងកំពុងសម្លឹងមើលអាផាតមិនមួយដែលមានសភាពទ្រុឌទ្រោម បន្ទាប់ពីលោកនិយាយថាយន្តហោះគ្មានមនុស្សបើកបានទម្លុះជញ្ជាំង។
ជម្រាបដែរថា ទីក្រុង Kharkiv ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី នៅភាគឦសានអ៊ុយក្រែន គឺជាគោលដៅញឹកញាប់នៃយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី នៅក្នុងសង្រ្គាមជាងបីឆ្នាំ៕
ដោយ៖ ចិន្តា ទីទិ






