ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី កើតនៅថ្ងៃទី១៨ ធ្នូ ១៩៧២ រៀបអាពាហ៍ពិពាហ៍ជាមួយភរិយាទីមួយ អស់រយៈពេល៣ឆ្នាំមុនពេលលែងលះ បន្ទាប់មកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីជាមួយលោកជំទាវ ជីលុយ លូ ដោយពុំមានបុត្រនោះទេ។

ឯកឧត្តម បានសិក្សានៅអនុវិទ្យាល័យ តានចុងកាតុង វិទ្យាល័យវីកថូរៀ ប្រទេសសិង្ហបុរី និងសិក្សាផ្នែកអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យហាវ៉េត ខេនើឌី សហរដ្ឋអាម៉េរិក ឆ្នាំ២០០៣ – ២០០៤ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យវីស្តុនសិន-មាឌីសុន សហរដ្ឋអាម៉េរិកក្នុងឆ្នាំ១៩៩១ – ១៩៩៤ និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមីឈីហ្គេន-អាន អាប័រ សហរដ្ឋអាម៉េរិក១៩៩៤ – ១៩៩៥។
ក្នុងឆាកនយោបាយ និងមុខតំណែងបច្ចុប្បន្ន ឯកឧត្តម ក្លាយជាអគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន នាថ្ងៃទី៤ ធ្នូ ២០២៤ ជានាយករដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែឧសភា ២០២៤ និងមានតួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាប់ពីខែឧសភា ឆ្នាំ២០២១ និងចូលជាសមាជិកសភាតាំងពីខែឧសភា ២០១១។
ឯកឧត្តម បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីនាថ្ងៃ២៣ ឧសភា ២០២៥ និងដឹកនាំគណបក្សសកម្មភាពប្រជាជន ចូលរួមការបោះឆ្នោតសាកល ឆ្នាំ២០២៥ ក្នុងថ្ងៃ០៣ ឧសភា ២០២៥ រហូតដល់ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាផ្លូវការ នាថ្ងៃទី១៥ ខែឧសភា។
បន្ថែមពីនេះ ឯកឧត្តម ក៏បានជាប់ជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ (GIC) របស់រដ្ឋាភិបាលសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាល GICផងដែរ។
ឯកឧត្តម ឡរ៉េន វ៉ុង បានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនៅខែមិថុនា ២០២២-ខែឧសភា ២០២៤ និងជារដ្ឋមន្ត្រីក្រសួងអប់រំ នៅខែកក្កដា ២០២០-ឧសភា ២០២១ រដ្ឋមន្ត្រីទី២ នៃក្រសួងហិរញ្ញវត្ថុ នៅខែសីហា ២០១៦-ឧសភា ២០២១ រួមទាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ នាខែតុលា ២០១៥-កក្កដា ២០២០។
ជាមួយគ្នានេះ ឯកឧត្តម ឡរ៉េន វ៉ុង ក៏បានក្លាយជារដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងរដ្ឋមន្ត្រីទីពីរក្រសួងទំនាក់ទំនង និងព័ត៌មាននៅខែឧសភា ២០១៤-កញ្ញា ២០១៥ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និង Senior Minister of State ក្រសួងទំនាក់ទំនង និងព័ត៌មាន ខែវិច្ឆិកា ២០១២-មេសា ២០១៤ ។
ឯកឧត្តម មានបទពិសោធន៍ក្នុងតួនាទី និងតំណែងជាច្រើនទៀតដូចជា Senior Minister of State ក្រសួងព័ត៌មាន ទំនាក់ទំនង និងសិល្បៈ និងSenior Minister of State ក្រសួងអប់រំ ខែសីហា ២០១២-តុលា ២០១២ ។ Minister of State ក្រសួងការពារជាតិ Minister of State ក្រសួងអប់រំ ខែឧសភា ២០១១-កក្កដា ២០១២។
គួរបញ្ជាក់ថា ឯកឧត្តម ឡរ៉េន វ៉ុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅកម្ពុជានាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា ដំណើរទស្សនកិច្ច ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅកម្ពុជានេះ កើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីតែម្ដង៕
ដោយ៖ ផុន លីហ្សា


