ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តជាប់ព្រំដែន លើការងារគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្តីណែនាំ ប្រមុខក្រសួងមហាផ្ទៃ បានប្រាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់
ដែលមានហានិភ័យខ្ពស់ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច ដោយរដ្ឋបាលខេត្តសាមីឱ្យបានឆាប់បំផុត ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិ- ភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។ ត្រូវចាត់ចែង និងផ្ដល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជមកឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យ បានសមស្រប។
ជាមួយគ្នានេះ អាចធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ និង សប្បុរសជននានា ឱ្យផ្ដល់ជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គម ចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។ បន្ថែមពីនេះ ត្រូវបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ព្រមទាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីសំណាក់ ជនខិលខូច។ ទន្ទឹមនេះ ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាម ល្បាត២៤/២៤ម៉ោង ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្ដល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យ ខ្មាំងសត្រូវបរទេស។
ឯកឧត្តម ស សុខា ក៏បានគូសរំលេចពីការណែនាំដល់ប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញ អំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត។ ត្រូវរៀបចំឱ្យមានក្រុមការងារមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនមកក្រសួងមហាផ្ទ រៀងរាល់ពេលព្រឹក(ម៉ោង៧) ពេលរសៀល(ម៉ោង១២) និងពេលល្ងាច(ម៉ោង១៨) អំពី សភាពការណ៍វិវត្តន៍នៅសមរភូមិមុខ ស្ថានភាពជនភៀសសឹក និងសភាពការណ៍ចាំបាច់ផ្សេងទៀត។ ត្រូវចាត់ឱ្យមានក្រុមការងារមួយទៀតទទួលកត់ត្រា និងចងក្រងភស្តុតាងនូវរាល់ការវាយ ប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមាន អ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុ ជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត(សូមភ្ជាប់មកជាមួយនូវ រូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន)។
បន្ថែមពីនេះទៀត ត្រូវហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក(ដូន)របស់ជនស៊ីវិល និងចាត់ វិធានការទប់ស្កាត់ និងបង្ក្រាបការបង្ហោះឱ្យបានទាន់ពេលវេលា រហូតដល់សភាពការណ៍ វិលមករកប្រក្រតីភាពវិញ។ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិនពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិ បញ្ឆេះកំហឹងនិងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរ៕


