ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាលចិនរារាំងបុគ្គលិកការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិកដែលមកលេងក្រុមគ្រួសារមិនឱ្យចាកចេញពីប្រទេសខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា “យើងកំពុងតាមដានករណីនេះយ៉ាងដិតដល់ ហើយកំពុងធ្វើការជាមួយមន្ត្រីចិន ដើម្បីដោះស្រាយស្ថានការណ៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។
ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃនាយកដ្ឋានពាណិជ្ជកម្មសហព័ន្ធ។ ឈ្មោះបុគ្គល និងថាតើបុគ្គលនោះត្រូវបានឃាត់ខ្លួនឬអត់នោះមិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ។ បើតាមសារព័ត៌មាន Reuters ចេញផ្សាយថ្ងៃអង្គារនេះ។
កាសែត Washington Post បានផ្សាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអាមេរិកម្នាក់ដែលធ្វើការនៅនាយកដ្ឋានពាណិជ្ជកម្ម បានធ្វើដំណើរទៅប្រទេសចិនកាលពីប៉ុន្មានខែមុន ដើម្បីទៅលេងគ្រួសារ។ កាសែតដដែលបាននិយាយថា បុរសនេះត្រូវបានគេរារាំងមិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីលោកមិនបានបង្ហាញពីពាក្យសុំទិដ្ឋាការ ដែលបញ្ជាក់លោកធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ទីក្រុងប៉េកាំងបានដាក់បម្រាមចេញចូលទាំងជនជាតិចិន និងបរទេសពាក់ព័ន្ធនឹងជម្លោះស៊ីវិល ការអនុវត្តបទប្បញ្ញត្តិ និងការស៊ើបអង្កេតឧក្រិដ្ឋកម្ម។ អ្នកវិភាគនិយាយថា យុទ្ធសាស្ត្រនេះទំនងត្រូវបានប្រើប្រាស់ដើម្បីបង្រ្កាបការខ្វែងគំនិតគ្នាក្នុងស្រុក និងជាឥទ្ធិពលការទូតក្នុងជម្លោះជាមួយប្រទេសដទៃ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជុំវិញបញ្ហារាប់ចាប់ពីពន្ធគយ រហូតដល់ប្រភពដើមនៃ COVID-19 និងតៃវ៉ាន់។
លោកស្រី Chenyue Mao ដែលជានាយិកាប្រតិបត្តិក្រុមហ៊ុន Wells Fargo ក៏ត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេសចិនផងដែរ។ ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទថា លោកស្រីបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌ ហើយមានកាតព្វកិច្ចសហការជាមួយនឹងការស៊ើបអង្កេតមួយ។ លោកស្រីគឺជានាយកប្រតិបត្តិចុងក្រោយបង្អស់នៃសាជីវកម្មបរទេសដែលត្រូវបានបញ្ឈប់នៅពេលពួកគេព្យាយាមចាកចេញពីប្រទេសចិន។
ធនាគារអាមេរិកបានផ្អាកការធ្វើដំណើររបស់បុគ្គលិកទាំងអស់ទៅកាន់ប្រទេសចិន បន្ទាប់ពីការហាមប្រាមការចាកចេញរបស់លោកស្រី Mao ជាពលរដ្ឋអាមេរិក៕

