ស្រ្តីទី១អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវ បានឃាត់ខ្លួនពាក់ព័ន្ធអំពើពុករលួយ

តុលារការកូរ៉េខាងត្បូង ចេញដីកាឃាត់ខ្លួន ស្រ្តីទី១ របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងសំណុំ​រឿងប្រព្រឹត្តអំពើពុករលួយ។

អតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee បានបដិសេធការចោទប្រកាន់ទាំងអស់ក្នុងអំឡុងពេលសវនាការរបស់តុលាការរយៈពេល ៤ ម៉ោងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ។ ប៉ុន្តែ តុលាការ នៅចេញដីកាឃុំខ្លួនដោយលើកឡើងថាលោកស្រីអាចនឹងឆ្លៀតឱកាសបំផ្លាញភស្តុតាង ហើយតុលាការក៏បានទទួលយកទឡ្ហី ករណ៍នេះដែរ។

កូរ៉េខាងត្បូង មាន ប្រវត្តិ អតីត ប្រធានាធិបតី ត្រូវបានចោទ​ប្រកាន់​ និងដាក់ពន្ធនាគារ។ យ៉ាងណាមិញនេះជាលើកទីមួយ ហើយទាំងអតីតប្រធានាធិបតី និង អតីតស្ត្រីទី១ត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារ។

លោក Yoon ត្រូវបានឃុំខ្លួនកាលពីខែមករា ពាក់ព័ន្ធចេញច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំមុនមិនបានសម្រេច ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរ ហើយទីបំផុតបាននាំគ្រោះដល់លោករហូតតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងកាលពីខែមេសា។

ព្រះរាជអាជ្ញាបាននិយាយថា លោកស្រី Kim ដែលមានអាយុ ៥២ ឆ្នាំ ជាប់ពាក់ព័ន្ធការក្រឡុកទីផ្សារភាគហ៊ុន រហូតដល់ស៊ីសំណូក និងប្រើប្រាស់ឥទ្ធិពលរបស់ប្ដីដែលជាប្រធានាធិបតីស្វែងរកផលចំណេញឱ្យមុខជំនួញរបស់ខ្លួន។ 

លោកស្រីក៏ត្រូវបានចោទប្រកាន់ថា ទទួលសំណូកជាកាបូបដៃប្រណិត និងខ្សែកពេជ្រ ព្រមទាំងត្រូវបានគេរាយការណ៍ថាបានពាក់គ្រឿងអលង្ការដ៏ប្រណិតម៉ាក Van Cleef ដែលមានតម្លៃ​៦០លានវ៉ុន ឬស្មើនឹង ៤៣ ០០០ដុល្លារ អំឡុងអមដំណើរប្ដីទៅចូលរួម កិច្ចប្រជុំកំពូលអង្គការ NATO កាលពីឆ្នាំ២០២២៕