ក្រុមយុវជនបូជាការពារយុត្តិធម៌ ប្រគល់ស្បៀងជូនកងទ័ពកំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ ដែលមានការចូលរួមពីសប្បុរសជន

នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករានេះ ក្នុងស្មារតីខ្មែរតែមួយគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។

គួរឲ្យដឹងថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ដែលក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយក្រុមយុវជនផងដែរ ដើម្បីនាំយកទៅប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ៕