ក្រុម ហាម៉ាស់ បាននិយាយថា ខ្លួននឹងឆ្លើយតបឆាប់ៗនេះទៅនឹងសំណើរបស់ប្រធានាធីបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមជិត ២ឆ្នាំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
សមាជិកការិយាល័យនយោបាយរបស់ក្រុម ហាម៉ាស់ លោក Mohammed Nazzal បានប្រាប់ Al Jazeera Arabic កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមលោកកំពុងពិភាក្សាអំពីផែនការរបស់លោក Trump ជាមួយនឹងគោលដៅនៃការបញ្ឈប់សង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សា ហើយនឹងប្រកាសពីជំហររបស់ខ្លួនលើសំណើនេះ។
លោក Nazzal បាននិយាយថា ក្រុមហាម៉ាស់ ក្នុងនាមជាអ្នកតំណាងនៃការតស៊ូរបស់ប៉ាឡេស្ទីន មានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ខ្លួនក្នុងរបៀបមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន។
គួរឲ្យដឹងថា កាលពីដើមសប្តាហ៍នេះ សេតវិមានបានបង្ហាញឯកសារចំនួន ២០ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការផ្លាស់ប្តូរអ្នកចាប់ឃុំឃាំងដោយក្រុមហាម៉ាស់ អ្នកទោសនយោបាយប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំខ្លួន ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ការរំសាយអាវុធរបស់ពួកហាម៉ាស និងរដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស្ថាប័នអន្តរជាតិមួយ។
កាលពីថ្ងៃអង្គារ ប្រធានាធិបតី Donald Trump បានទុកឱសានវាទឲ្យក្រុម ហាម៉ាស់ ៣ទៅ ៤ថ្ងៃដើម្បីយល់ព្រមចំពោះផែនការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។
បើយោងតាមសារព័ត៌មាន Al Jazeera ប្រជាជនប៉ាឡេស្ទីនប្រាថ្នាចង់ឱ្យសង្រ្គាមបញ្ចប់ឆាប់ៗ ប៉ុន្តែមនុស្សជាច្រើនជឿថា ផែនការនេះគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំង។
នៅក្នុងការចរចាលើកមុន ក្រុមហាម៉ាស់បានទទូចលើការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ដែលរងគ្រោះដោយទុរ្ភិក្ស ហើយបាននិយាយថា ខ្លួនកំពុងស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ជាមួយនឹងការធានាថា គ្រួសារដែលផ្លាស់ទីលំនៅអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ជាពិសេសនៅភាគខាងជើងនៃតំបន់ហ្គាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបាននិយាយថា ប្រទេសរបស់លោកកំពុងធ្វើការជាមួយកាតា និងតួគីយ៉ ដើម្បីបញ្ចុះបញ្ចូលក្រុមហាម៉ាស់ឱ្យទទួលយកសំណើរបស់លោក Trump ។
ថ្លែងនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំងនៅទីក្រុងប៉ារីស លោក Badr Abdelatty រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបាននិយាយថា វាច្បាស់ណាស់ថាក្រុមហាម៉ាសត្រូវតែដកអាវុធ នឹងថាអ៊ីស្រាអែលមិនគួរត្រូវបានផ្តល់លេសដើម្បីបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សានោះទេ៕