ថៃបង្ហោះ Drone បំពាក់កាំភ្លើង M4 ឃ្លាំមើលសកម្មភាពនៅតាមព្រំដែនដែលមានភាពតានតឹងជាមួយកម្ពុជា

កងទ័ពអាកាសថៃ បានសាកល្បងយន្តហោះគ្មានមនុស្សបើកបំពាក់ដោយកាំភ្លើង M4 carbine ដើម្បីបង្កើនការឃ្លាំមើលសកម្មភាពព្រំដែន ចំពេលមានភាពតានតឹងកើនឡើងរវាងកម្ពុជា-ថៃ។ នេះបើយោងតាមការចេញផ្សាយពីអង្គភាព The Nations នៅថ្ងៃទី៣ ខែមិថុនានេះ។

កងទ័ពអាកាសថៃ (RTAF) កាលពីថ្ងៃអង្គារបានសាកល្បងដោយជោគជ័យនូវការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយកាំភ្លើង M4 ដែលមានសមត្ថភាពធ្វើបេសកកម្មឃ្លាំមើលនៅតាមព្រំដែន។

​ការបង្ហោះនេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភាព​តានតឹង​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ថៃ និង​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​តាម​ព្រំដែនមុំបី ខេត្តព្រះវិហារ។

យ៉ាងណាម៉ិញ កងទ័ពអាកាសថៃ មិន​បាន​បញ្ជាក់​ថា​តើ​ការ​សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើកនៅតាមព្រំដែនដែលមានវិវាទជាមួយកម្ពុជា ​ស្រប​ពេល​ជាមួយ​នឹង​ភាព​តានតឹង​ដោយ​ចៃដន្យ ឬ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចេតនា៕

ដោយ៖​ ចិន្តា ទីទិ