ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថា ប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់គ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវតាមបណ្តោយព្រំដែនដែលមានជម្លោះរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃចន្ទ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា លោក ត្រាំ ប្តេជ្ញាចិត្តធ្វើការដើម្បីបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងដែរថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបញ្ចប់ជម្លោះនេះ។
សាររបស់ប្រធានាធិបតីអាមេរិក បានកើតឡើងនៅពេលដែលប្រទេសថៃបានបើកការវាយប្រហារតាមអាកាសលើកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ។ សកម្មភាពនេះ បានក្លាយជាការគំរាមកំហែងដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងកូឡាឡាំពួរ ដោយមានវត្តមានលោកត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានធ្វើជាសាក្សី៕


