សារព័ត៌មានថៃ Khaosod បានចុះផ្សាយនៅថ្ងៃសុក្រថា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។

សារព័ត៌មានថៃ Khaosod សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើង ឋានៈជាមេបញ្ជាការភូមិភាគ២, ឧត្តមសេនីយ៍ Woratep Bunya មេបញ្ជាការរងយោធភូមិភាគទី៣ ត្រូវបានដំឡើង ឋានៈជាមេបញ្ជាការភូមិភាគ៣, ឧត្តមសេនីយ៍ Norathip Poynok មេបញ្ជាការរងយោធភូមិភាគទី៤ ត្រូវបានដំឡើង ឋានៈជាមេបញ្ជាការភូមិភាគ៤។
បើតាមកាសែតដដែល ក្រៅពីនេះ ឧត្តមសេនីយ៍ Pairot Fuangchan អគ្គលេខាធិការកងទ័ពជើងទឹកថៃ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងទ័ពជើងទឹក ខណៈមេបញ្ជាការរងកងទ័ពអាកាស ឧត្តមសេនីយ៍ Seksan Kantha ត្រូវបានតែងតាំង ជាមេបញ្ជាការកងទ័ពអាកាស។ ចំណែក ឧត្តមសេនីយ៍ Tharapong Malakham អគ្គលេខាធិការរងក្រសួងការពារជាតិ ត្រូវបានដំឡើងឋានៈជា អគ្គលេខាធិការក្រសួងការពារជាតិ ហើយឧត្តមសេនីយ៍ Ukridt Buntanont មេបញ្ជាការរងកងកម្លាំងការពារជាតិ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងកម្លាំងការពារជាតិ៕
