បងប្អូនជនរួមជាតិ!
អារម្មណ៍អ្នកត្រូវគេឈ្លានពាន និងអារម្មណ៍អ្នកឈ្លានពានគេ មិនដូចគ្នាទេ ហើយចិត្តគំនិត និងចរិតឫកពារក៏មិនដូចគ្នាដែរ។ ពួកចោរឈ្លានពានមានចរិតពិសពិល សាហាវ ឃោរឃៅ និងព្រៃផ្សៃណាស់ ហើយវាមិនខ្លាចនឹងប្រើកលល្បិចខ្មៅដ៏កខ្វក់ឬវិធីស្មោគគ្រោកយ៉ាងណាទេដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ ពួកចោរឈ្លានពានមុខក្រាស់ណាស់ ហើយពួកវាក៏ពូកែលាបពណ៌អ្នកដទៃ ដើម្បីបិទបាំងមុខមាត់ដ៏អាក្រក់របស់វាខ្លាំងណាស់ដែរ។
បងប្អូន, ពួកចោរឈ្លានពានកំពុងចាញ់គ្រប់យ៉ាងហើយ, សមរភូមិប្រដាប់អាវុធក៏មិនប្រាកដថាឈ្នះយើង, សមរភូមិការទូតក៏មិនប្រាកដថាឈ្នះយើង, សហគមន៍អន្តរជាតិបានជួយដឹងឮនិងជួយធ្វើសាក្សីឱ្យយើង ជាពិសេស សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានតាមដានរឿងនេះយ៉ាងស្អិត, ចិនបានចូលរួមយ៉ាងសកម្ម, ប្រធានអាស៊ានបានបំពេញការងាររបស់ខ្លួនយ៉ាងល្អ រហូតទទួលបាននូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌមួយ, សមរភូមិផ្លូវច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ពួកចោរកាន់តែមិនហ៊ានលោតជាមួយយើងទេ។ រីឯនយោបាយផ្ទៃក្នុងវិញ ក្រុងបាងកកកំពុងតែក្តៅដូចបាយពោះ តែគេខំប្រឹងសង្កត់គ្របឆ្នាំង។ រីឯយើងវិញ, យើងមានឯកភាពជាតិនិងសាមគ្គីជាតិជាធ្លុងមួយដែលមិនធ្លាប់មានរាប់សតវត្សរ៍មកហើយ។
ក៏ប៉ុន្តែ នៅសល់សមរភូមិពីរទៀត គឺសមរភូមិនៃសង្គ្រាមព័ត៌មាន និងសមរភូមិនៃសង្គ្រាមចិត្តសាស្ត្រ ដែលកំពុងឆេះសន្ធោរសន្ធៅ។ ក្នុងសមរភូមិនៃសង្គ្រាមព័ត៌មាន ពួកចោរឈ្លានពានបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបំភ្លៃ បំភាន់ លាបពណ៌ កាច់មូលគ្រប់រូបភាព ដើម្បីសម្អុយកម្ពុជា ចោទប្រកាន់កម្ពុជា និងលើកតម្កើងខ្លួនឯងធ្វើជាអ្នកល្អ ជាអ្នកស្អាតស្អំ។
ក្នុងសមរភូមិនៃសង្គ្រាមចិត្តសាស្ត្រវិញ គេបំផុសព័ត៌មាន បង្កប់ចារកម្ម បំពុលព័ត៌មាន ប្រឌិតព័ត៌មាន បង្កើតពាក្យចចាមអារ៉ាម ញុះញង់ បំបែកបំបាក់ផ្ទៃក្នុង ដើម្បីធ្វើឱ្យយើងក្ដៅក្រហាយ និងខឹងកាន់តែខ្លាំងរហូតភ្លេចគិតគូររឿងសំខាន់ចាំបាច់ដែលត្រូវធ្វើជាបន្ទាន់ចំពោះមុខ។
ដូច្នេះ សូមបងប្អូនរក្សាស្មារតីឱ្យនឹងនរ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃសង្គ្រាមព័ត៌មាននិងសង្គ្រាមចិត្តសាស្ត្ររបស់ពួកចោរឈ្លានពាន។ រឿងសំខាន់បំផុតនិងបន្ទាន់បំផុតដែលបងប្អូនគួរធ្វើនាពេលនេះគឺ ÷
១. ចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពនិងកងនគរបាលព្រំដែនដែលបានពលីជីវិតក្នុងសមរភូមិដើម្បីការពារទឹកដីនៅតាមមូលដ្ឋានរៀងៗខ្លួន និងផ្ញើសារជូនពរបងប្អូនវីរកងទ័ពនិងកងនគរបាលព្រំដែនដែលរងរបួសឆាប់ឱ្យជាសះស្បើយ ព្រមទាំងសម្ដែងការគោរពដឹងគុណចំពោះបងប្អូនវីរកងទ័ពនិងកងនគរបាលព្រំដែនទាំងអស់ចំពោះវីរភាពរបស់ពួកគាត់។
២. ផ្ញើសារថ្លែងអំណរគុណសហគមន៍អន្តរជាតិ ជាពិសេស ចំពោះសហរដ្ឋអាមេរិក ម៉ាឡេស៊ី ចិន ដែលជំរុញឱ្យមានបទឈប់បាញ់ដោយឥតលក្ខខណ្ឌ, និងបណ្ដាប្រទេសដែលសម្ដែងការគាំទ្រចំពោះបទឈប់បាញ់នេះ។
៣. សរសេរសារបង្ហាញពីការគាំទ្របទឈប់បាញ់និងជំរុញឱ្យភាគីថៃអនុវត្តបទឈប់បាញ់នេះដោយភាពស្មោះត្រង់ ព្រមទាំងចូលរួមធ្វើព្យុះហយាត្រាដោយសន្តិវិធី ដើម្បីការពារសន្តិភាពនិងគាំទ្របទឈប់បាញ់។
៤. ផ្ញើសារដល់សហគមន៍អន្តរជាតិតាមរយ:អាស៊ាននិងអង្គការសហប្រជាជាតិ ឱ្យបង្កើតគណៈកម្មការអន្តរជាតិឯករាជ្យនិងអន្ត្រៃយ៍មួយឱ្យបានឆាប់រហ័សបំផុត ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ និងស្នើឱ្យអង្គការ UNESCO និងសហគមន៍អន្តរជាតិ ឱ្យថ្កោលទោសចោរឈ្លានពាន ដែលបំផ្លិចបំផ្លាញប្រាសាទខ្មែរដែលជាបេតិកភណ្ឌពិភព និងសងការខូចខាតទាំងអស់។
៥. ស្នើដោយទទូចឱ្យចោរឈ្លានពានសៀមដោះលែងដោយឥតលក្ខខណ្ឌ នូវវីរកងទ័ពយើងដែលពួកវាចាប់យកទៅដោយខុសច្បាប់ និងស្នើឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើចោរឈ្លានពានសៀមពាក់ព័ន្ធនឹងរឿងនេះ។
៦. ប្អូនៗយុវជនបន្តផលិតមាតិកាជាភាសាបរទេស ដើម្បីបង្ហាញការពិតពីប្រទេសយើងទៅកាន់ពិភពលោកតទៅទៀត។ កន្លងមកនេះ ប្អូនៗពិតជាធ្វើបានល្អខ្លាំងណាស់។
ក្នុងស្ថានការណ៍ចំពោះមុខនិងបន្ទាន់នេះ សូមបងប្អូនរួមចំណែកធ្វើកិច្ចការទាំង៦ចំណុចខាងលើនេះសិន។
សំណេររបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
