«តាំងពីមានជម្លោះជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហេីយឲ្យគេប្រមាថនិងឈ្លានពានបានទេ។ ខ្ញុំហ៊ាននិយាយថា គ្មានសម័យណា ដែលថៃញញេីតខ្មែរជាងសម័យតេជោ និងធិបតីនោះទេ។ បេីអានប្រវត្តិសាស្រ្ត មេដឹកនាំខ្មែរខ្លះកាលពីអតីតកាល ធ្លាប់ត្រូវបានសៀមប្រេីប្រាស់»។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន និងជាអ្នកនាំពាក្យព្រឹទ្ធសភា។
«សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យក្នុងការដឹកនាំកសាងជាតិដ៏កម្រិតកំពូល នៅក្នុងសម័យទំនើបរយៈពេល ៥០០ឆ្នាំ ចុងក្រោយនេះ។ ប្រវត្តិសាស្ត្រសម័យទំនើប រាប់ចាប់ពីចុងសតវត្សរ៍ទី១៥ ហើយបើគិតពីប្រទេសកម្ពុជាវិញ រួមមាន សម័យក្រោយអង្គរ គឺសម័យចតុម្មុខ លង្វែក ឧត្តុង្គ និងសម័យបន្តបន្ទាប់មក មិនមានសម័យណា មានសន្តិភាពពេញលេញ ហើយយូរអង្វែង ដូចសម្តេចតេជោ ហ៊ុន សែន ទេ។ ក្រៅពីនេះ ក៏មិនមានសម័យណា ដែលប្រទេសកម្ពុជាមានប្រព័ន្ធគមនាគមន៍ខ្វែងខ្វាត់ មានផ្លូវហាយវេ និងមានផ្លូវល្បឿនលឿនតភ្ជាប់យ៉ាងរលោងស្រិលដូចជាសម័យសម្តេចតេជោ ហ៊ុន សែន ដែរ។
សម័យសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានអគារខ្ពស់ៗ នៅតាមរាជធានីភ្នំពេញ ឬក៏តាមប្រជុំជន ដែលមើលច្រឡំនឹងបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត។ ប្រទេសកម្ពុជា សម្បូរបែបដោយម្ហូបអាហារ ប្រជាជនខ្មែរអាចចេញដំណើរដើរកម្សាន្តគ្រប់ទីកន្លែង គ្រប់ខេត្ត គ្រប់ខណ្ឌ និងរហូតធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស យ៉ាងច្រើនកុះករ។ សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋមានឧបករណ៍ និងរបស់របរទំនើបៗប្រើប្រាស់ មានសាលារៀនស្អេកស្កះនៅជិតផ្ទះប្រជាពលរដ្ឋ និងមាននិស្សិតបញ្ចប់ការសិក្សាមួយឆ្នាំៗ រាប់ពាន់ម៉ឺននាក់។ មានន័យថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចជាតិរបស់កម្ពុជា ដល់កម្រិតកំពូល មានតែនៅសម័យតេជោ ហ៊ុន សែន តែមួយគត់ ក្នុងរយៈពេល ៥០០ឆ្នាំ ចុងក្រោយនេះ។
ប្រសិនបើជាសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស តពីសម័យសង្គមរាស្ត្រនិយម របស់ព្រះករុណាសម្តេចតា ដែលមានហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងជាជន្ទល់ស្រាប់ ហើយអត់ឆ្លងកាត់របបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ របបប៉ុលពតទេ ការអភិវឌ្ឍប្រទេសកម្ពុជា នឹងលើសពីនេះច្រើនដង។
រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយឥលូវនេះកំពុងតែមានរាជរដ្ឋាភិបាលបន្តវេន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលដឹកនាំប្រទេសកម្ពុជាអភិវឌ្ឍខ្ពស់បំផុតកម្រិតកំពូល។
អ្នកដឹកនាំជំនាន់ថ្មី គឺសម្តេចធិបតី ចេញពីគ្រួសារសម្តេចតេជោ ហើយគណៈរដ្ឋមន្ត្រីសុទ្ធតែចេញពីគណបក្សប្រជាជនកម្ពុជា ដែលនេះជាក្រុមអ្នកដឹកនាំថ្មី ខ្លាំងក្លា ពូកែ ជំនាន់ទី២ របស់គណបក្សប្រជាជនកម្ពុជា។ ក្រុមអ្នកដឹកនាំថ្មីនេះ នឹងនាំប្រទេសកម្ពុជា លឿនទៅមុខទៀត ដោយសារមានគ្រឹះរួចស្រេច ដោយសាររៀមច្បង កើតឡើងដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ នេះជាក្តីសង្ឃឹមរឹងមាំរបស់ប្រជាពលរដ្ឋ»។ នេះជាសំណេររបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។
