ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ បើសិនជាបទឈប់បាញ់ត្រូវរំលាយ អ្នកបង្កហេតុនេះនឹងមិនអាចជាអ្នកណាផ្សេងក្រៅតែពីថៃ

នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៥ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា បើសិនជាបទឈប់បាញ់ត្រូវរំលាយ, អ្នកបង្កហេតុនេះនឹងមិនអាចជាអ្នកណាផ្សេងក្រៅតែពីថៃ។ នេះជាការពិត១០០ភាគរយ។ ប្រវត្តិសាស្ត្រ, ឡូស៊ីកយោធា, និងរចនាសម្ព័ន្ធនៃអំណាច សុទ្ធសឹងជាអំណះអំណាងប្រកែកមិនបាន។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ គូសរំលេចថា ចុងក្រោយនេះ, សង្គ្រាម៥ថ្ងៃ(២៤-២៨កក្កដា២០២៥)រវាងកម្ពុជា និងថៃ មិនមែនកើតចេញមកពីការមិនយល់គ្នានោះទេ។ វាគឺជាការឈ្លានពានមួយថ្មីពីសំណាក់ថៃមកលើកម្ពុជា, ដូចដែលធ្លាប់មានមកជាហូរហែ នៅក្នុងប្រវត្តិសាស្ត្រ ៖

-នៅឆ្នាំ១៩៥៤ ទ័ពថៃចូលកាន់កាប់ប្រាសាទព្រះវិហារ

-នៅឆ្នាំ២០០៨ ទ័ពថៃចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈ

-នៅឆ្នាំ២០២៥នេះ ទ័ពថៃបង្កហេតុដូចគ្នា លើកនេះនៅប្រាសាទតាមាន់ធំវិញម្តង…

លើកណាក៏ដូចលើកណា, កម្ពុជាគ្មានធ្វើអ្វីផ្សេង ក្រៅតែពីការពារខ្លួនប៉ុណ្ណោះ។ លើកណាក៏ដូចលើកណា, សេណារីយ៉ូប្រព្រឹត្តទៅ តាមបែបតែមួយ ៖ ថៃបង្ករឿង, កម្ពុជាឆ្លើយតប, រួចហើយថៃចោទថា កម្ពុជារករឿង គេគ្រាន់តែឆ្លើយតប។

ទ័ពកម្ពុជា ជាទ័ពមួយតូច, ទ័ពខ្វះថវិកា, ទ័ពការពារសុទ្ធសាធ, មិនមែនជាកម្លាំងមួយវាយលុកទេ។ ទ័ពនេះគ្មានលទ្ធភាពហើយក៏គ្មានដែរវប្បធម៌នៃយុទ្ធសាស្ត្រលើកទ័ពទៅវាយប្រហារគេមុន។ ថៃវិញ, ជាទ័ពខ្លាំងជាងគេបង្អស់មួយ នៅអាសុីអាគ្នេយ៍។ ទ័ពថៃទទួលបានការបង្ហាត់ហ្វឹកហ្វឺនខ្ពស់, មានបរិក្ខារនិងសព្វាវុធច្រើនហួសតម្រូវការ។ ម្ល៉ោះហើយ, ជឿឬចោទថាកម្ពុជា ជាអ្នកផ្តួចផ្តើមសង្គ្រាមមួយនេះ គឺជាការណ៍មួយមិនទំនង និងមិនសមហេតុផល ទាល់តែសោះ។ អ្នកខ្សោយជាងមិនចេះរករឿងអ្នកខ្លាំងជាង។ អ្នកខ្សោយជាងចេះទប់ទល់, ចេះដកខ្លួន និងចេះត្រឹមស្រោចស្រង់ជីវិតខ្លួនឯងប៉ុណ្ណោះ។

លក្ខណៈខុសគ្នារវាងកម្ពុជានិងថៃ មិនមែនមានត្រឹមតែក្នុងវិស័យយោធាទេ។ វាក៏មានជាក់ស្តែងដែរ នៅក្នុងប្រព័ន្ធនិងស្ថាប័នគ្រប់គ្រង។ នៅកម្ពុជា, អ្វីក៏នឹងមិនអាចប្រព្រឹត្តទៅបានដែរ បើគ្មានការសម្រេចចិត្តទេ ពីអំណាចកណ្តាល។ ទ័ពកម្ពុជានឹងមិនអនុវត្តទេ បើគ្មានបទបញ្ជាច្បាស់លាស់។ មិនអាចមានទៅកើតទេ ការផ្តួចផ្តើមធ្វើសង្គ្រាមពីសំណាក់យោធាកម្ពុជា បើរាជ រដ្ឋាភិបាលកម្ពុជា មិនចេញបញ្ជា។ នៅថៃផ្សេង, កងទ័ពធ្វើស្រេចតែអំពើចិត្ត។ កងទ័ពស្តាប់បង្គាប់តែខ្លួនឯង។ ដោយហេតុតែអនាធិបតេយ្យបែបនេះ, ទ័ពថៃជាស្ថាប័នមួយគ្រោះថ្នាក់បំផុត, ពិបាកនឹងមើលចិត្តធ្លុះ, ពិបាកនឹងទុកចិត្តបាន ក្នុងការធានាការពារសន្តិភាពយូរអង្វែង។

បទឈប់បាញ់កម្ពុជា-ថៃ ចុះថ្ងៃ២៨កក្កដា២០២៥ មានលក្ខណៈផុយស្រួយ។ នៅត្រង់ថា ការបន្តអនុវត្តវា មិនអាស្រ័យលើកម្ពុជា។ ល្គឹកណាថៃសម្រេចថានៅតែអនុវត្តវា ល្គឹកនោះ វានឹងបន្តមានសុពលភាព។ កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ។ កម្ពុជាមិនស្វែងរកការសងសឹកហើយក៏មិនចង់ធ្វើឱ្យអ្នកណាម្នាក់អាម៉ាស់មុខដែរ។ កម្ពុជាចង់បានសន្តិភាព។ គឺជាជម្រើសរបស់កម្ពុជា, តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ កម្ពុជា, ក្រោយពីបានហែលឆ្លងកាត់សមុទ្រភ្លើងពីរ និងសមុទ្រឈាមមួយ, ជ្រើសរើសការអភិវឌ្ឍជាអាទិភាពចំបង។ ហើយការអភិវឌ្ឍទាមទារលក្ខខណ្ឌមួយ នោះគឺស្ថិរភាព។

យ៉ាងណាក៏ដោយ, ត្រូវច្បាស់លាស់ជាមួយគ្នា ៖ អ្វីក៏កម្ពុជានឹងមិនលះបង់ចោលដែរ។ ដីមួយម៉ែត្រក្រឡាក៏មិនឱ្យបាត់ បូរណភាពមួយចំណិតក៏មិនឱ្យបង់។

ត្រូវតែគោរពបទឈប់បាញ់។ នេះគឺជាកាតព្វកិច្ច។ ហើយការតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់ ក្រោមយន្តការតំបន់និងអន្តរជាតិមួយ គឺជាផ្នែកមួយសំខាន់ណាស់ ពីពេលនេះតទៅ។

តាំងពីឆ្នាំ១៩៥៤មក, សង្គ្រាម៥ថ្ងៃ(២៤-២៨កក្កដា២០២៥) ជាសង្គ្រាមសាហាវឃោរឃៅជាងគេ និងដែលបង្កឱ្យមានអ្នកស្លាប់ច្រើនជាងគេ រវាងកម្ពុជា និងថៃ។ សង្គ្រាមបែបនេះ មិនត្រូវកើតឡើងជាថ្មីសោះឡើយ។ កម្ពុជានៅតែឈោងដៃទៅរកចាប់ដៃថៃ។ ប៉ុន្តែ កម្ពុជារក្សាការចងចាំរបស់ខ្លួនឱ្យនៅរស់រវើក និងក្តីថ្លៃថ្នូររបស់ខ្លួនឱ្យនៅឋិតថេ ជារៀងរហូត៕