គណបក្សនយោបាយចំនួន១០៥ មកពី ៨២ប្រទេស ថ្កោលទោសថៃចំពោះការវាយប្រហារលើជនស៊ីវិលខ្មែរ និងអំពាវនាវឱ្យដោះលែងទាហានកម្ពុជា ១៨នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI-IDC) គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងបានអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃនិងទាហានថៃ គោរពនូវកិច្ច ព្រមព្រៀង សន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអសបក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី។

ក្នុង សេចក្ដី សម្រេច ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ ប្រតិបត្តិ CDI-IDC របស់ គណបក្ស នយោបាយ ចំនួន ១០៥ មកពី ៨២ប្រទេស នៅ ទូទាំង ពិភព លោក ធ្វើ ឡើង នៅ ទីក្រុង សៅប៉ៅឡូ ប្រទេស ប្រេស៊ីល ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះនិងការបែកបាក់ និងបានសង្កត់ធ្ងន់អំពីការគាំទ្រយ៉ាងខ្លាំងក្លានិងពេញលេញ ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ហើយស្នើឱ្យភាគីទាំងពីរគោរពនិងអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយស្មោះត្រង់ ស្របតាមលក្ខខណ្ឌ និងគោលបំណងនៃកិច្ចព្រមព្រៀង។ 

CDI-IDC ជំរុញឱ្យមានការដោះគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ជាពិសេសគ្រាប់បែកចង្កោម និងសំណល់គ្រាប់សង្គ្រាមផ្សេងទៀត ដើម្បី ស្ដារស្ថានភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ឱ្យវិលមករក ប្រក្រតីភាពឡើងវិញ ការពារសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជនដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។ ព្រមទាំងអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។  CDI-IDC មានជំនឿជឿជាក់យ៉ាងមុតមាំថា នេះជាកាតព្វកិច្ចរបស់ CDI-IDC ក្នុងការបញ្ចប់នូវរាល់អរិយភាពមកលើប្រជាជន និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់ មនុស្សធម៌អន្តរជាតិដោយកងកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះ។

 CDI-IDC កត់សម្គាល់ថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅតែមានភាពផុយស្រួយ ដែលស្តែង ចេញតាមរយៈការវាយប្រហាររបស់កងទ័ពថៃលើជនស៊ីវិលដែលគ្មានអាវុធ នៅខេត្តបន្ទាយមានជ័យ ប្រទេស កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលថ្មីៗនេះ ដែលបណ្ដាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និង បីនាក់រងរបួស។ ដូចនេះ  CDI-IDC ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ ដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ CDI-IDC អំពាវនាវដោយស្មោះដល់រដ្ឋាភិបាល និងកងទ័ពថៃឱ្យគោរពយ៉ាងពេញលេញប្រកបដោយភាពស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ធម្មនុញ្ញ អាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។

បន្ថែមពីនេះ CDI-IDC អំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យជួយស្ដារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដែលរងការខូចខាតក្នុងអំឡុងពេលជម្លោះ ប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ និងការទម្លាក់គ្រាប់បែកតាមអាកាស។ លើសពីនេះ CDI-IDC ក៏អំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ និងការការពារទ្រព្យសម្បត្តិទាំងនោះឱ្យបានពេញលេញ។

ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ មនុស្សធម៌ និងយុត្តិធម៌ CDI-IDC ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិជំរុញឱ្យគណបក្សនយោបាយ និងដៃគូលើសកលលោករបស់យើង ឱ្យមានសម្លេងនិង សកម្មភាពរួមគ្នា ក្នុងការជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពពិភពលោក រួមទាំងតម្លៃ ស្នូល និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិទាំងអស់៕