មុនចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តការសឹករង កំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាស់តឿនដល់កម្លាំងកងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់ មិនអោយប៉ះពាល់ដល់លុយកាក់ ដែលឈ្មួញបទល្មើសនេសាទទាំងនោះកំពុងព្យាយាមសូកប៉ាន់ ជាថ្នូរនឹងការមិនបង្ក្រាបនោះឡើយ ។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា កន្លងមកលោកបានលឺថា មានឈ្មួញបទល្មើសនេសាទ ចង់យកលុយកាក់មកអោយកម្លាំងកងទ័ពជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសនេសាទ ក៏ប៉ុន្តែករណីនេះ ប្រសិនបើ ឯកឧត្តម រកឃើញថា មានកម្លាំងកងទ័ពយើងណាម្នាក់ហ៊ានប្រព្រឹត្តិទង្វើបែបនេះ នឹងត្រូវទទួលវិន័យយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះកម្លាំងកងទ័ព គឺជាកម្លាំងពិសេសជួយអន្តរាគមន៍បង្ក្រាបរាល់បទល្មើសទាំងអស់ដែលថ្នាក់លើប្រគល់ភារកិច្ចអោយ និងការពារសុខសន្តិភាព បូរណភាពទឹកដីជូនប្រជាពលរដ្ឋ ។
នៅថ្ងៃដដែលនេះ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងអង្គភាព៩១១ ប្រមាណជាង៤០នាក់ បាននិងកំពុងបំផ្លាញដុំសម្រាស់ធំៗក្នុងដែនសមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានជាច្រើនដុំ និងកំពុងបង្ក្រាបបន្តទៅកាន់ភូមិកោះក្របី ឈានទៅដល់ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ដោយឡែកកម្លាំងកងទ័ពផ្សេងទៀត ក៏កំពុងបង្ក្រាបបំផ្លាញសម្រាស់ផ្សេងទៀត នៅតាមចំណុចផ្សេងៗពីគ្នាក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
ឯកឧត្តម មេបញ្ជាការ ជឿជាក់ថា ក្រោយពីកម្លាំងកងទ័ពបានចុះបង្ក្រាបរួច ប្រជានេសាទទាំងអស់នឹងយល់ដឹងទាំងអស់គ្នាពីផលប៉ះពាល់ធ្ងន់ធ្ងរដល់បឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងមានជីវចំរុះ និងត្រីក៏ច្រើនជាងគេ ហើយនឹងគ្មានបទល្មើសកើតឡើងទៀត និងទុកអោយប្រជានេសាទលក្ខណៈគ្រួសារ បាននេសាទគ្រប់គ្នា ដោយប្រើឧបករណ៍នេសាទស្របតាមគោលការណ៍ច្បាប់ស្តីពីជលផលបានកំណត់ ៕



