លើកទី១! ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង

ក្រសួងទេសចរណ៍ នឹងរៀបចំ «ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។



ការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ។

ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) កម្មវិធីអុំទូកកៃយ៉ាក ការតាំង ពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន ជាការរត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន កោះទន្សាយ និងទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) និងទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។

សូមជម្រាបថា បុណ្យផ្សោតមេគង្គជាព្រឹត្តិការណ៍មួយរួមចំណែកជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍រដូវកាលបៃតង (Green season) ដែលរដូវកាលនេះ ចាប់ផ្តើមពីខែមេសា ដល់ខែតុលា ជាពេលដែលកម្ពុជាមានទេសភាពស្រស់ស្អាត និងធ្លាក់ភ្លៀង៕

ដោយ៖ ផុន លីហ្សា