យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០៥ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុបាញ់ប្រហារលើទាហានខ្មែរ បណ្តាលឲ្យស្លាប់ម្នាក់ នៅតំបន់ព្រំដែនមុំបី និងទាមទារឲ្យនាំបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវនិងខុសច្បាប់នេះ មកផ្តន្ទាទោសតាមច្បាប់។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនស្ថានទូតប្រចាំនៅទីក្រុងភ្នំពេញ ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារ ដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ នៃប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរដោយអយុត្តិធម៌។
ក្រសួងការបរទេស បានបន្ថែមថា កងទ័ពព្រំដែនកម្ពុជា បានឈរជើងជាបន្តបន្ទាប់ និងដោយសន្តិវិធីនៅទីតាំងដែលកងកម្លាំងថៃ បានបើកការបាញ់ប្រហារ តាំងពីយូរយារណាស់មកហើយ គឺតាំងពីមុនពេល ចុះហត្ថលេខាលើអនុស្សារណៈនៃ ការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃក្នុងឆ្នាំ២០០០។
រាជរដ្ឋាភិបាលកម្ពុជា សម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃ មិត្តភាព និងភាពជាអ្នកជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុងនៅក្នុងអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០០។
ទោះយ៉ាងណាក៏ដោយ កម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការអត់ធ្មត់ជាអតិបរមា និង ដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្តការដែលមានស្រាប់ រួមមានគណៈកម្មាធិការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និង មិត្តភាពជាមួយប្រទេសថៃ និងប្រទេសជិតខាង។
អត្ថបទ៖ ពុទ្ធិកា