មេបញ្ជាការ នៃ និយម ប្រាប់នាយទាហានឱ្យជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សភាពការថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង និងពេលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល។

ឯកឧត្តម មេបញ្ជាការបានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញភាពប៉ិនប្រសព ទៅលើកិច្ចការងារជាតិ ជាមួយនិងបទពិសោធន៍ នៃការងារដឹកនាំប្រទេសរបស់សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី និងថ្នាក់ដឹកនាំជាឥស្សរជនឆ្នើមជាតិ ដែលបានឆ្លងកាត់សម័យសង្រ្គាម បង្រួបបង្រួមជាតិ ការពារជាតិ បូរណភាពទឹកដី រហូតដល់សព្វថ្ងៃនេះ។ ឧត្តមសេនីយ៍ត្រី នៃ និយម គូសបញ្ជាក់ថា «សម្តេចតេជោគឺជាបីតានៃសន្តិភាព សូមជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំយើងពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនកម្ពុជា-ថៃ និងមិនធ្វើឱ្យកម្ពុជាឈានទៅរកបញ្ហាដូចបណ្តាប្រទេសមួយចំនួននោះទេ។»

ជាមួយគ្នានេះផងដែរ ឯកឧត្តម បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតមានឡើងនៅតាមព្រំដែនកម្ពុជា ថៃ និងការពលីជីវិតដ៏អង់អាចក្លាហានរបស់យុទ្ធមិត្តយើងមួយរូប ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំដែន កម្ពុជា ថៃ ។

ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលក៏ បានលើកទឹកចិត្តដល់យោធិនគ្រប់រូបត្រូវតែហ៊ានលះបង់ នឹងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី មិនឲ្យខ្មាំងសត្រូវណាមកឈ្លានពានបានឡើយ នឹងត្រូវត្រៀមខ្លួន គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាព ។

នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាល បានប្ដេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕