ឯឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត តាមបណ្តាខេត្តនានា ។

ការប្រកាសរបស់ឯកឧត្តម ដូចនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥។
ឯកឧត្ដមឃួង ស្រេង បានបន្តថា បទបញ្ជារាជរដ្ឋាភិបាលឲ្យ ត្រៀមរថយន្តក្រុងនេះ គឺជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ មិនដូចជនអគតិមួយចំនួននោះទេ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនពលករខ្មែរពីព្រំដែន ត្រឡប់ទៅស្រុកកំណើត ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់ពលករខ្មែរពីប្រទេសថៃ ៕
អត្ថបទ៖ ពុទ្ធិកា
