រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រសិទ្ធនាមស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលជាស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ ស្ពាននេះ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មកម្ល៉េះ។

ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ដោយឡែក ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព។
គួរបញ្ជាក់ថា ការសម្រេចនេះ ផ្អែកលើសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ផុន លីហ្សា



