នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកា និងសម្ភារៈជូនដល់កងកម្លាំងប្រដាប់អាវុធរដ្ឋ ដែលជាកងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីបញ្ជាការទិសទី៣ នៃយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ។

ឯកឧត្ដម ស៊ុន ចាន់ថុល បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពដែលកំពុងឈរជើងការពារ អធិបតេយ្យភាពនៃប្រទេសជាតិយើងយ៉ាងអង់អាចក្លាហាន ទាំងថ្ងៃទាំងយប់ នៅតាមតំបន់ព្រំដែន រួមទាំងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ឯកឧត្ដម ស៊ុន ចាន់ថុល បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមដើម្បីបង្ហាញពីការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេនាឱកាសនេះ គឺជាសក្ខីភាពនៃការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការស្វែងរកដំណោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ព្រមទាំងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជនទូទាំងប្រទេស ដោយគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ៕
អត្ថបទ៖ ផុន លីហ្សា





