នាព្រឹកនេះ ភាគីថៃបានបើកទ្វារច្រកព្រំដែនអន្តរជាតិអូរស្មាច់ ដោយយោងលើលិខិតជូនដំណឹងរបស់យោធភូមិភាគ២ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យនាថ្ងៃទី២៤ ខែមិថុនានេះ។

ទោះបីភាគីថៃមានការបើកច្រកក៏ពិតមែន ប៉ុន្តែច្រកព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវបានរឹតបន្តឹង ដោយហាមចេញ-ចូលឆ្លងកាត់ ទាំងមនុស្ស និងរថយន្តចូលប្រទេសថៃ ។ ភាគីថៃអនុញ្ញាតតែចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលាប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលវិភាគមុន ច្រកទ្វារព្រំដែនអូរស្មាច់ បើកដំណើរការឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតារយះពេល៣ថ្ងៃក្នុង១សប្តាហ៍ គឺចាប់ពីថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ តែភាគីថៃបើកនៅវេលាម៉ោង០.៨.នាទីព្រឹក និងភាគីកម្ពុជាបើកនៅវេលាម៉ោង០៩.០០នាទីព្រឹក និងបិទនៅម៉ោង ០៣.០០នាទីរសៀល ដូចគ្នា ។
ដោយឡែក ខណៈពេលនេះ ភាគីថៃត្រៀមនឹងចាប់ផ្តើមអនុវត្តបើកទ្វារច្រក១សប្តាហ៍៧ថ្ងៃ ខណៈកាលវិភាគមុនត្រូវនិរាករណ៍ចោល។
សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕



