ក្រសួងបរិស្ថាន សម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់ និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការសម្រេចនេះបានអនុវត្តនៅថ្ងៃទី២៣ ខែមិថុនានេះ ដោយក្រុមការងារក្រសួងបរិស្ថាន បានប្រគល់លិខិតអំពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់ និងតំណាងក្រុមហ៊ុន។
ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ត្រូវផ្អាកដំណើការផលិតកម្មទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់ទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ដោយមូលហេតុក្រុមហ៊ុនមិនបានអនុវត្តតាមច្បាប់ ។
ក្រៅពីនេះ ក្រសួងបរិស្ថានត្រូវតែផ្អាកសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនខាងលើ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់តាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
គួរបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់និងគោលការណ៍ជាធរមានតែម្ដង៕
ដោយ៖ ផុន លីហ្សា



