ឆ្នាំ២០២៤ កម្ពុជា សម្រេចបាន​ផលនេសាទ​ទឹកសាប​ជិត ៤៧ម៉ឺនតោន កើន​​ឡើង​​៩,៥%

ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា សម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងទិវាមច្ឆជាតិ លើកទី២០ នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម ឌិត ទីណា បានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។

កាន់តែគួរឱ្យកត់សម្គាល់ជាងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ចាប់ពីដើមឆ្នាំ២០២៥មក ដោយមានបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមពីយោធភូមិភាគ៤ និង៥ កងពល៧០ កងពលតូចលេខ១ ទ័ពពិសេសឆ័ត្រយោង គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះ​ជួយអន្ត​រាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសធំៗនៅបឹងទន្លេសាប ដូចជា អួនអូសឆក់ អួនហ៊ុម និងឈិបយន្តប្រកបដោយប្រសិទ្ធភាពបំផុត។

ឯកឧត្តម សង្កត់ធ្ងន់ថា លទ្ធផលដ៏ល្អប្រសើរនេះ មិនអាច​កាច់ផ្តាច់ចេញបានទេពីកិច្ចខិតខំប្រឹងប្រែងអភិរក្សទាំងយប់ទាំងថ្ងៃរបស់ឆ្មាំទន្លេរបស់យើង និងដោយមានការចូលរួម ពីរដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងការយល់ដឹង និងការចូលរួមកាន់តែទូលំទូលាយរបស់បងប្អូនប្រជានេសាទ៕

អត្ថបទ៖ ពុទ្ធិកា