សញ្ញាដ៏រីករាយ! ក្រុមជំនាញប្រទះឃើញអណ្ដើកសមុទ្រប្រភេទកំពុងរងគ្រោះ ទំលាក់ពងលើកោះពូលូវ៉ៃរបស់កម្ពុជា 

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច  ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ 

អណ្តើកនេះ ត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។ 

កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រ និងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។

គួរបញ្ជាក់ថា អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងតែទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ។

លើសពីនេះ ចាប់តាំងពីឆ្នាំ២០២២ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដោយធ្វើការ អប់រំផ្សព្វផ្សាយអំពីសារ:សំខាន់នៃការអភិរក្សអណ្តើកសមុទ្រកម្ពុជា តាមរយ:ការរៀបចំសិក្ខាសាលាអប់រំ និងការល្បាតជាប្រចាំនៅលើកោះដាច់ស្រយាល៣សំខាន់ៗ រួមមានកោះពូលូវ៉ៃ កោះតាង និងកោះព្រីង៕

ដោយ៖ ផុន លីហ្សា