កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ឈិន ចូវ (Chen Zhou) បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរ​នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានបន្ថែមទៀតថា នៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួច​ស្រាល់​ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរ បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេនរបស់​ប្រទេសទាំងពីរ​ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅ​គ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងដ៏ល្អប្រសើរនៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល។

សម្តេច​បវរ​ធិបតី​ បាន​លើកទឹកចិត្ត​ដល់យុវ​ជន​ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យកាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដេីម្បី​រួមចំណែក​ដល់​ការបន្ត​ពូន​ជ្រំ​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រឹងមាំ​។