ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Huawei សហការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Huawei បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។

នៅក្នុងជំនួបពិភាក្សា ដែលបានធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន Huawei បានបញ្ជាក់អំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយក​ឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាព​ចំណាយនិងកាត់បន្ថ​យពេលវេលាស​ម្រាប់សេវាដឹកជញ្ជូន និងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។

ភាគីក្រុមហ៊ុន ក៏បានលើកឡើងអំពីបទពិសោធជោគជ័យរបស់ខេត្ត Quizhou ដែលធ្លាប់ជាខេត្តក្រីក្រមួយ ប៉ុន្តែត្រូវបានវិវត្តរីកចម្រើន ដោយការវិនិយោគជាយុទ្ធសាស្រ្តលើ​មជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ក្រុមហ៊ុន Huawei បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្របរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍នៅកម្ពុជា ដោយស្នើចុះ​អនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការបង្កើតថ្នាលស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត និងការបណ្តុះទេ​ពកោសល្យផ្នែកបច្ចេកវិទ្យា។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងកំពុងរៀបចំបង្កើតមូលនិធិស្រាវជ្រាវជាតិ ដើម្បីជំរុញនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តម សង្ឃឹមថា Huawei អាចនាំយកនូវជំនាញ និងកម្មវិធីសិក្សាទំនើបៗ មកសហការជាមួយស្ថាប័នអប់រំបណ្តុះបណ្តាលនៅកម្ពុជា ដើម្បីអភិវឌ្ឍបុគ្គលមានទេពកោសល្យទាំងនេះ ព្រោះអ្នកទាំងនេះហើយដែលនឹងក្លាយជាធនធានសំខាន់នាពេលអនាគតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Huawei ជាដើម។