កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បិទបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម

កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។

ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ និងវត្តមានសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ប្រមាណជិត៣០០នាក់។

ឯកឧត្ដម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រតិភូទាំងអស់ក្នុងការពិភាក្សា ការផ្លាស់ប្តូរទស្សនៈ និងការចែករំលែកបទពិសោធន៍ក្នុងរយៈពេលពីរថ្ងៃកន្លងមក។ 

ឯកឧត្ដមបានបង្ហាញនូវការជឿជាក់លើតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងរបស់តំណាងរាស្រ្ត និងស្ថាប័នសភាក្នុងការរៀបចំកិច្ចសន្ទនាពីសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។

ឯកឧត្ដមបានអបអរសាទរចំពោះការយល់ព្រមនូវគំនិតផ្តួចផ្តើមថ្មីគឺ វេទិកាអ្នកដឹកនាំសភា AIPA និងវិទ្យាស្ថានអន្តរជាតិសម្រាប់សន្តិភាព និងយុត្តិធម៌ (IIPJ) ដែលថាយើងមានទិសដៅកាន់តែច្បាស់ក្នុងការពង្រឹងផ្នែកការទូតសភាដូចដែលឆ្លុះបញ្ចាំងដោយប្រធានបទនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា»។

ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ដំណោះស្រាយជាច្រើនដែលបានអនុម័តដោយ AIPA ត្រូវបានអនុវត្ត និងប្រែក្លាយទៅជាលទ្ធផលជាក់ស្តែង។ នេះបង្ហាញថាសមាជិកសភារបស់យើងមានតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ព្រមទាំងមានការប្តេជ្ញាចិត្តច្បាស់លាស់។  ឯកឧត្ដមបន្ថែមថា  យើងត្រូវធ្វើការបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងបង្ហាញថា AIPA គឺជាវេទិកាដែលផ្តោតលើសកម្មភាព។ យើងត្រូវរំលឹកខ្លួនយើង នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសេចក្ដីសម្រេចដែលបានអនុម័តដោយឈរលើស្មារតី និងឯកភាពរបស់ AIPA ដើម្បីសន្តិភាព និងវិបុលភាពរួម៕