សាកលវិទ្យាល័យការពារជាតិកម្ពុជា និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិការតំបន់អាស៊ាន (ARF HDUCIM) លើកទី២៧ ចាប់ពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអញ្ជើញជាគណៈអធិបតីក្នុង ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំនេះ បានថ្លែងថា កិច្ចប្រជុំដែលបានធ្វើឡើងនៅកម្ពុជា ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អដោយសាកលវិទ្យាល័យការពារជាតិកម្ពុជា ជាសហប្រធាននៃកិច្ចប្រជុំ ជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា។
នេះគឺជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យការពារជាតិកម្ពុជា ដែលបានបង្ហាញពីសមត្ថភាព វឌ្ឍនភាព ចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សន្តិភាពស្ថិរភាពនៅក្នុងតំបន់។
ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាង សាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាលាបណ្ឌិត្យសភាយោធាកាណាដា ក៏ដូចជាសមាជិកកិច្ចនៃប្រជុំ ARF HDUCIM លើកទី២៧ នាពេលនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលអប់រំយោធា និងការគិតគូបែបយុទ្ធសាស្ត្រ ដែលនឹងជួយគាំទ្រដល់ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ការឆ្លើយតបទៅនឹងការគម្រាមកំហែងទាំងប្រពៃណី និងមិនប្រពៃណីទាំងនាពេលបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា កិច្ចប្រជុំ ARF-HDUCIM លើកទី២៧ កម្ពុជាបានទទួលប្រតិភូមកចូលរួមចំនួន១៦ប្រទេសដែលមានមកពី ប្រទេសអូស្ត្រាលី ប៊្រុយណេដារ៉ូសាឡឹម កាណាដា សាធារណរដ្ឋប្រជាមានិតចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា នូវែលសេឡង់ ប៉ាគីស្ថាន កូរ៉េខាងត្បូង សហព័ន្ធរុស្សី សឹង្ហបូរី ស្រីលង្កា និងវៀតណាម។
កិច្ចប្រជុំ ARF-HDUCIM ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីការបង្កើតវេទិកាតំបន់អាស៊ានក្នុងឆ្នាំ១៩៩៤ ក្នុងគោលបំណងសំខាន់ គឺបម្រើជាវេទិកាផ្លូវការមួយ សម្រាប់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ មកពីបណ្តាប្រទេស ជាសមាជិកអាស៊ាន អាស៊ាន-បូក ប្រទេសដៃគូសន្ទនា និងប្រទេសជាដៃគូទាំងឡាយ ដើម្បីពិភាក្សា និងចែករំលែក បទពិសោធន៍លើការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍយុទ្ធសាស្រ្តការពារជាតិ៕







