កងទ័ពជើងគោកហ្វីលីពីន ប្តេជ្ញាបន្តសហការជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផលប្រ​យោជន៍ប្រជាជននៃ​ទាំងពីរ​ប្រទេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានគូសបញ្ជាក់ថា កងទ័ពជើងគោកហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និត​ជាមួយកងទ័ពជើង​គោកកម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រជាជនទាំងពីរប្រទេស។ ការគូសបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបែបនេះ បានធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីននៅកម្ពុជានាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធន៍រវាងកងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នាផងដែរ។

ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានបន្ថែមថា មេរៀននិងបទពិសោធន៍ស្វែងរកសន្តិភាពរបស់សម្តេចតេជោ ដែលឯកឧត្តមបានសិក្សារៀនសូត្រនាពេលកន្លងមក ពិតជាមានសារៈសំខាន់ ជាពិសេសការប្រើប្រាស់បទពិសោធន៍នយោបាយឈ្នះ ឈ្នះ របស់កម្ពុជា សម្រាប់រដ្ឋាភិបាល និងកងទ័ពហ្វីលីពីន ក្នុងការរក្សាស្ថិរភាពនៅ​ភាគខាងត្បូងនៃប្រទេសហ្វីលី​ពីន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំ​ឱ្យមានវគ្គ​ហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់កងទ័ពកម្ពុជា ក្នុងការពង្រឹងសមត្ថភាពនិងបទពិសោធន៍ខ្លួន បន្ថែមលើសមត្ថភាពប្រយុទ្ធ​ក្នុងព្រៃដែលមានកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានបន្តចែករំលែកប្រវត្តិ និងបទពិសោធន៍ ក៏ដូចជាផលវិបាកនៃសង្រ្គាមរបស់កម្ពុជាទាំងនៅទីក្រុងនិងនៅព្រំដែន ដែលបានជួបប្រទះនាពេលកន្លងមក។សម្តេច​តេជោ ក៏បានគូសរំលេចថា តាមរយៈការឈឺចាប់ទាំងនេះ សម្តេចបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពទឹកដី និងសុខសន្តិភាពជូនកម្ពុជាប្រមាណជិត ២៧ឆ្នាំ មកហើយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឯកភាពទឹកដី និងសុខសន្តិភាពនេះហើយ ដែលជាបុរេលក្ខខណ្ឌក្នុងការនាំមកនូវការអភិវឌ្ឍ។

សម្តេចតេជោ បានបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាងបង្កើតកងទ័ពរបស់សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ពចាស់មានបទពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធផងដែរ៕