កងទ័ពជើង​គោក កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិប​ត្តិការ​​យុទ្ធសាស្ត្រ

កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាលើទិសដៅសកម្មភាពកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយចំនួន ដែលបានផ្តោតទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺនរួមគ្នា និងការរៀបចំសមយុទ្ធទ្វេភាគីទាំងក្នុងកម្រិតយុទ្ធវិធី និងយុទ្ធនាការ។

ការឯកភាពគ្នានេះ បានស្តែងឡើងតាមរយៈ​ជំនួបប្រជុំទ្វេ​ភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M. GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងជំនួបនេះ ប្រមុខកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាង ប្រទេស ប្រជាជន និងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ហ្វីលីពីន ដែលតែងតែបានគាំទ្រគ្នា និងបំពេញ អោយគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងរាល់បញ្ហាប្រឈមនៅក្នុងតំបន់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទង នៅគ្រប់ជាន់ថ្នាក់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ កិច្ចសហ​ប្រតិបត្តិការ និងការយោគ យល់គ្នាទៅវិញទៅមក ហើយការអនុវត្តដោយជោគជ័យ នៃកម្មវិធីហ្វឹកហ្វឺន ឧកម្មវិធីហ្វឹកហ្វឺនរួមគ្នាកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ពិតជាបានរួមចំណែកលើកកម្ពស់ សមត្ថភាពប្រតិបត្តិការ ដែលនេះជាឧទាហរណ៍ជាក់ស្តែងនៃភាពជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែង។

ឯកឧត្តម បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោកហ្វីលីពីន ចំពោះការគាំទ្ររបស់កងទ័ពហ្វីលីពីន តាមរយៈការទទួល យោធិនកម្ពុជាទៅហ្វឹកហ្វឺននៅហ្វីលីពីន និងការបញ្ជូនគ្រូមកហ្វឹកហ្វឺននៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M. GALIDO) បានសម្តែងនូវសេចក្តី សោមនស្សរីករាយ ដែលបានមកប្រទេសកម្ពុជា លើកទី២ និងសូមថ្លែងអំណរគុណចំពោះការរៀបចំ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស ជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប នៅក្នុងតំបន់អាស៊ាន។

ឯកឧត្តម បានបន្ថែមថា កងទ័ពជើងគោកទាំងពីរ កំពុងទទួលបានផលពី លក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ (TOR) រវាង កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមីអូ ប្រានីរ ជូនៀ (ROMEO S BRAWNER JR)៕