ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ Chen Yong ទីប្រឹក្សាស្រាវជ្រាវនិងនវានុវត្តន៍ប្រចាំនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន (ARMAC) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។ បេសកកម្មរបស់លោកសាស្ត្រាចារ្យChen Yong ជាចំណែកនៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ហេង រតនា និងលោក Liu Wenzhi បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពCMAC និងមូលនិធិចិនPeaceland ក៏ដូចជាជំនួយវិស័យមីនរបស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសកិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ ការងារស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យសកម្មភាពកម្ចាត់មីន។
ក្នុងជំនួបពិភាក្សានេះដែរ ក៏មានចាប់អារម្មណ៍ខ្លាំងលើការអនុវត្តភារកិច្ចបន្ទាន់ ចំពោះមុខរបស់អង្គភាពCMAC ក្នុងការពង្រាយកម្លាំងអន្តរាគមន៍ចាំបាច់ ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលជាមរតកនៃសង្គ្រាមរយៈពេល៥ថ្ងៃរវាងសៀមនិងកម្ពុជា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកដែលត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ ស្របតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល៕


