វិនិយោគិនមកពីប្រទេសកាតា បង្ហាញបំណងចង់វិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឲ្យ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនោះ លោកអគ្គនាយកក្រុមហ៊ុន AMH បានបង្ហាញបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

លោកប្រធានក្រុមហ៊ុន បញ្ជាក់ថា ការចាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានសុវត្ថិភាព សន្ដិសុខល្អ និងមានសន្ដិភាពដែលជាកត្តាអំណោយផលដល់ការវិនិយោគពីបរទេស ដូច្នេះលោកបានជ្រើសរើសយកប្រទេសកម្ពុជាក្នុង​ការវិនិយោគដំបូងគេសម្រាប់ប្រទេសនៅក្នុង​តំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា ជាការឆ្លើយតប សម្ដេចតេជោ បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា មានសក្ដានុពលវិនិយោគជាច្រើន ដែលក្រុមហ៊ុនបរស់លោក ក៏ដូចជាវិនិ​យោគិនរបស់ប្រទេសកាតាអាចមកធ្វើការវិនិយោគ ក្នុងនោះមានទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម។

សម្ដេចតេជោ ក៏បានរំលេចថា វិស័យកសិកម្មផ្ដោត​សំខាន់ដែលកម្ពុជាចង់បាននោះគឺការកែច្នៃនៅផលិតផលកសិកម្មកម្ពុជាដើម្បីនាំចេញបន្តទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក៕

អត្ថបទ៖ ពុទ្ធិកា