កម្ពុជា ចាប់ដៃជាមួយចក្រភពអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកដោះស្រាយបញ្ហាមីនសេសសល់ពីសង្រ្គាម

ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស នៅទីស្នាក់ការអាជ្ញាធរមីន ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីទាក់ទងនឹងដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២២ ខែកក្កដានេះ។

ការចុះអនុស្សារណៈនេះ ផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពន្លឿន បង្កើនសមត្ថភាព កាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត តាងនាមឱ្យរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សាកលវិទ្យាល័យលេនកាហ្សៀរ ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍឧបករណ៍ប្រកបដោយនវានុវត្តន៍ ជាពិសេសការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកក្នុងគោលបំណងគាំទ្រដល់ការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានរំលេចថា ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តឥតងាករេចំពោះសកម្មភាពមីន សន្តិភាព និងសន្តិសុខរបស់មនុស្សជាតិ ហើយក៏កំពុងបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តិករដោះមីន ដើម្បីបន្តបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន ។

ជាក់ស្តែងថ្ងៃនេះ អាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យានៃចក្រភពអង្គគ្លេស គាំទ្រដល់វិស័យសកម្មភាពមីនផងដែរ។ 

ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពជាតិ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹង និងនាំមកនូវការចាប់អារម្មណ៍ជាសកលដល់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានបន្តថា ទោះបីមានការរីកចម្រើនគួរឱ្យកត់សំគាល់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់គាំទ្រក្នុងវិស័យសកម្មភាពមីនក៏ដោយ កម្ពុជានៅតែស្ថិតជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីនលើពិភពលោក។ 

ក្រៅពីនេះ វត្តមានគ្រាប់មីនដែលនៅសេសសល់ តែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស ជាពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងការស្តារឡើងវិញរបស់សហគមន៍។ 

ឯកឧត្តមបណ្ឌិត លី ធុជ លើកទឹកចិត្តឱ្យសាកលវិទ្យាលេនកាហ្សៀនបន្តធ្វើការជាមួយកម្ពុជា មិនត្រឹមតែជាអ្នកស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដែលដើរទន្ទឹមគ្នាជាមួយកម្ពុជានៅលើផ្លូវទៅកាន់សន្តិភាពផងដែរ៕

ដោយ៖ ផុន លីហ្សា