លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានគូសបញ្ជាក់ថា និស្សិតម្នាក់ៗគឺជា “អ្នកការទូតមួយរូប” របស់កម្ពុជា ដូច្នេះត្រូវផ្សព្វផ្សាយអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក៏ដូចជាការអភិវឌ្ឍ សុខសន្តិភាពដែលកម្ពុជាមាន និងផលវិបាកនៃសង្គ្រាមឈ្លានពាន ដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។

ការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិតបែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា និស្សិតគ្រប់រូប ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ ការគោរពច្បាប់និងបទបញ្ញត្តិនានានៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ ដើម្បីជាស្ពានសម្រាប់ឱកាសអាហារូបករណ៍ដល់យុវជនជំនាន់ក្រោយបន្តទៀត។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ និងមតិផ្តាំផ្ញើដល់និស្សិតជ័យលាភី និស្សិតកំពុងសិក្សា ត្រូវបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ផ្តោតសំខាន់លើភាសាចិនដែលជាមូលដ្ឋានគ្រឹះដើម្បីចូលរៀនថ្នាក់ជំនាញ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដោយទាញយកឱ្យអស់លទ្ធភាពនូវចំណេះដឹងនៅមុខជំនាញដែលខ្លួនជ្រើសរើស៕
អត្ថបទ៖ ពុទ្ធិកា