ស្ត្រីទី១កម្ពុជា ទទួលបានពានរង្វាន់ “Smile Asia Philan​thro​pi​c Visionary Award” ក្នុងកម្មវិធី “Smile Asia Charity Gala 2025” នៅប្រទេសសិង្ហបុរី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដែលបានរៀបចំឡើងនៅសណ្ឋាគារ Singapore Marriott Tang Plaza ប្រទេសសិង្ហបុរី  ។ ពិធីពានរង្វាន់នេះ ត្រូវបានប្រគល់ជូនដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការពាណិជ្ជកម្មនិងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី  ។

គួរជម្រាបជូនថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេផងដែរ។

ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  គឺជាការទទួលស្គាល់នូវស្នាដៃ សមិទ្ធផល និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់ លោកជំទាវបណ្ឌិត បានសម្ដែងនូវក្ដីរំភើបរីករាយឥតឧបមាប្រកបដោយកិត្តិយស និងមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះការទទួលបានពានរង្វាន់ដ៏ពិសិដ្ឋនេះ ហើយបានបន្ថែមថា ពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់ និងឆ្លុះបញ្ចាំងពីការលះបង់របស់ លោកជំទាវ តែម្នាក់ប៉ុណ្ណោះទេ តែថែមទាំងជាគុណតម្លៃតបស្នងដល់ស្វាមីរបស់ លោកជំទាវ គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងកូនៗ ឪពុក-ម្ដាយ ក្រុមគ្រួសារ មិត្តភក្ដិ និងសហការីទាំងអស់របស់លោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ដែលតែងតែមានការជឿជាក់ និងចូលរួមគាំទ្រ លោកជំទាវ ឱ្យសម្រេចបាននូវបេសកកម្មដ៏មានសារៈសំខាន់នេះ។

លោកជំទាវបណ្ឌិត បានបញ្ជាក់បន្ថែមថា ស្វាមីលោកជំទាវ តែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកកន្លែងណាមួយ ឬ ជនណាម្នាក់ចោលនោះទេ។ តាមរយៈគោលជំហរនេះ កម្ពុជាអាចសម្រេចបាននូវវឌ្ឍនភាពជាច្រើន ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនទៀតដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងបន្តចូលរួមដោះស្រាយ។ លោកជំទាវ បានបន្ថែមថា ការងារមនុស្សធម៌ គឺជាកិច្ចការងារដែលមិនងាយស្រួលសម្រេចបាននោះទេ តែអ្វីដែលសំខាន់អាចឱ្យយើងឈានទៅជម្នះបានឧបសគ្គទាំងនោះ គឺការតាំងចិត្ត ការលើកទឹកចិត្តគ្នា និងការមានក្ដីសង្ឃឹមជាប់ជានិច្ចលើអ្វីដែលយើងកំពុងតែធ្វើ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកជំទាវបណ្ឌិត បានសម្ដែងនូវអំណរគុណដ៏ស្មោះចំពោះអង្គការ Smile Asia និងអង្គការ Smile Cambodia ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ចំពោះសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ទាំងឡាយកន្លងមក ជាពិសេសការលើកកម្ពស់វិស័យសុខាភិបាល និងសុខុមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងបញ្ហាភាពតានតឹង និងការប្រឈមមុខដាក់គ្នាក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នាពេលថ្មីៗនេះ លោកជំទាវបណ្ឌិត បានយកឱកាសនេះបន្តអំពាវឱ្យមានការគោរព និងអនុវត្តឱ្យបានជាដាច់ខាតនូវបទឈប់បាញ់ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា ឱ្យបានពិតប្រាកដ រឹងមាំ និងយូរអង្វែងជារៀងរហូតតទៅ សំដៅស្ដារឡើងវិញនូវសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន នៃប្រទេសទាំងពីរ ចៀសវាងនូវការស្អប់ខ្ពើម រើសអើងជាតិសាសន៍ និងចងគំនុំគ្នា សម្រាប់ជំនាន់ក្រោយៗទៀត។

លោកជំទាវបណ្ឌិត បានបន្ថែមថា ឆ្លងតាមការចុះជួបសួរសុខទុក្ខគ្រួសារយុទ្ធជនពលី និងកងទ័ពរងរបួសរបស់កម្ពុជាក្នុងពេលកន្លងមក លោកជំទាវ បានកត់សម្គាល់ឃើញថាលទ្ធផលនៃសង្គ្រាមនេះ បានជះឥទ្ធិពលអវិជ្ជមានជាច្រើន ចំពោះគ្រួសាររងគ្រោះ និងជាពិសេសលើបញ្ហាសតិអារម្មណ៍ និងសុខុមាលភាពកុមារផ្ទាល់តែម្ដង។

លោកជំទាវបណ្ឌិត បានលើកឡើងថា ពានរង្វាន់នេះ គឺមិនត្រឹមតែជានិមិត្តរូបសម្រាប់ថ្ងៃនេះប៉ុណ្ណោះទេ តែក៏ជាការចាប់ផ្ដើមថ្មីសម្រាប់ថ្ងៃអនាគតផងដែរ ដោយ លោកជំទាវបណ្ឌិត បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ថានឹងបន្តបេសកកម្មក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជូនដល់ប្រជាជនកម្ពុជាទាំងអស់ ឱ្យកាន់តែសកម្ម និងទូលំទូលាយបន្ថែមទៀត សំដៅជួយសម្រួល និងដោះស្រាយឱ្យបានជាអតិបរមាលើទុក្ខលំបាករបស់កុមារ និងគ្រួសារងាយរងគ្រោះ ជាពិសេសប្អូនៗកុមារី យុវតី យុវនារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។