ទិវាជាតិអ្នកនិពន្ធឆ្នាំនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមគាំទ្រដល់វិស័យតែងនិពន្ធនៅកម្ពុជា

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ឲ្យចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធនិងចូលរួម ផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី សុច្ឆន្ទៈ មនសិការជាតិ ។

បន្ថែមលើនេះ ត្រូវចូលរួមពង្រឹងការអាន ការតែងនិពន្ធ ការបង្កើតស្នាដៃថ្មី ដើម្បីរួមចំណែកដល់ ការអប់រំ ការលើកកម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ និងចូលរួមឧបត្ថម្ភជាសម្ភារៈថវិកា ក៏ជាកាយវិការដ៏មានតម្លៃដើម្បីពង្រឹងវិស័យនេះ ឱ្យកាន់តែរឹងមាំផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោត ការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួម ការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈដ្ឋានទូទៅ។

មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋនិង នវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងការបោះពុម្ពសៀវភៅសិក្សាគ្រប់ជំនាញ។ ទិសដៅជាអាទិភាព របស់យើងគឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងនិងលើកកម្ពស់គុណភាព ពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងតម្កល់ ផលប្រយោជន៍សង្គមជាធំ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ជាការពិតណាស់ “ទិវាជាតិអ្នកនិពន្ធ” គឺជាចំណែកមួយដែលបានចូលរួមដល់ការសម្រេចបាននូវគោលបំណង និងទិសដៅគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ តាមរយៈសកម្មភាពចូលរួមលើកស្ទួយ និងជំរុញឧស្សាហកម្ម វប្បធម៌ផ្តោតលើសកម្មភាពគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតស្នាដៃថ្មីលើគ្រប់ផ្នែកដូចជាតន្ត្រីសោតទស្សន៍ ភាពយន្ត ការបោះពុម្ព សិល្បៈទស្សនីយភាព សិប្បកម្ម វិចិត្រកម្ម តម្បាញ ប្រពៃណី ការច្នៃម៉ូត និងទៅដល់ការ ផ្សារភ្ជាប់វិស័យវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងអត្តសញ្ញាណជាតិ ការលើកស្ទួយ​សីលធម៌និង កិត្យានុភាពជាតិ និងការរក្សាការពារចំពោះចំណេះដឹងប្រពៃណី ព្រមទាំងការលើកស្ទួយវិញ្ញត្តិវប្បធម៌។

គួរបញ្ជាក់ថា ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ គឺធ្វើឡើងក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព» ។ ទិវាជាតិអ្នកនិពន្ធ ក៏ធ្វើឡើងក្នុងទិសដៅ បន្តពង្រឹងគុណតម្លៃរបស់អ្នក​និពន្ធដែលត្រូវ​បានចាត់ទុកថា​ជាវិស្វករព្រលឹងនិងជាអ្នកបង្កើតប្រតិដ្ឋញាណ ជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្ត មនុស្សជាតិ ក្នុងការស្រា​វជ្រាវតាក់តែងនិងផ្សព្វផ្សាយ។

ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធនៃកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់រួមចំណែក ដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់ បណ្តាកវីនិពន្ធគ្រប់​ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។ ការប្រារព្ធ ទិវាជាតិអ្នកនិពន្ធ ជារៀងរាល់ឆ្នាំក៏សំដៅដល់ការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្តុំ រួបរួមកម្លាំងសាមគ្គី​ភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដោយសុច្ឆន្ទៈមនសិការនៃវប្បធម៌សន្តិភាព ក្នុងគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពដែលធានាគុណភាពតែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃ នៃស្មារតីប៉ាកកាសន្តិ​ភាពពេញមួយជីវិតដើម្បីទាំងអស់គ្នា៕