នៅលើបណ្តាញសង្គមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ នៅថ្ងៃសៅរ៍នេះ។
កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃហៅកាត់ថា RBC បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងខេត្តត្រាត ប្រទេសថៃ ហើយទទួលបានលទ្ធផលរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឲ្យកត់សម្គាល់។
បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំដែលបន្តធ្វើនៅថ្ងៃទី១៦ ខែសីហានេះ ត្រូវបានសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា កិច្ចប្រជុំនេះ ធ្វើឡើងតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេស ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបានបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង ឲ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ ,យោធភូមិភាគ និងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃភាគីទាំងពីរ ព្រមទាំងប្រឹងប្រែងដោះស្រាយដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចនានា៕
អត្ថបទ៖ ពុទ្ធិកា
